ខេត្តបន្ទាយមានជ័យ ៖ មានករណីបាក់រលំអគារកម្ពស់៤ជាន់មួយកន្លែងស្ថិតនៅចំណុចអូរព្រំដែនកម្ពុជា ថៃ ជាប់ប្លុកកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាល្ងាចម៉ោង១៧និង ២០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
ប្រភពព័ត៌មានបានអោយដឹងថា ៖ ក្រុមហ៊ុន១ បានវាយកំទេចចោលនូវអគារនោះ ដើម្បីសាងសង់ថ្មី តែវាបានបាក់ស្រុតបណ្តាលអោយសង្កត់ម៉ូតូ១១គ្រឿងនិងម៉ូតូកង់បីឬផាស់អាប់២ គ្រឿង បង្កដាច់ខ្សែភ្លើង។ប៉ុន្តែ មិនមានព័ត៌មានពីមនុស្សរងគ្រោះរបួសឬប៉ះពាល់អាយុជីវិតទេ ។
ករណីនេះ លោកសេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានផុសក្នុងហ្វេសប៊ុកលោកថា : មូលហេតុបាក់ស្រុតអគារ មិនមែនធម្មជាតិដែរ តែមកពីក្រមហ៊ុនវាយអាគារចាស់ចោល ។
បើតាមសាក្សីនៅក្នុងហេតុការណ័ថា ខ្លួនស្ទុះរត់ចេញពីផាសអាប់ទាន់ កុំអីកម្ទេចអគាររលំសង្កត់ជាមិនខាន ។
ករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ ព័ត៌មានបឋម កុំអោយមានការភ័ន្តច្រលំ ។
ក្រុមការងារកំពុងពិនិត្យលើទិដ្ឋភាពច្បាប់ ចំពោះក្រុមហ៊ុនរុះរើ និងម្ចាស់សំណង់ ដែលបង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ។
នៅវេលាខាងលើ មានករណីអគារដែលកំពុងធ្វើការវាយកំទេចអគារ បានបាក់ធ្លាក់ផ្នែកខាងក្រោយ មកធ្លាក់សង្កត់លើម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំណុចមាត់អូរព្រំដែនថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា : ភ្លាមៗកម្លាំងប៉ុស្ត៍ អាជ្ញាធរដែមដីបានចុះពិនិត្យបឋម ឃើញថាពុំមានប៉ះពាល់(របួស ស្លាប់) ដល់មនុស្សនោះទេ ខូចខាតម៉ូតូកង់៣ និងម៉ូតូសរុប ១១គ្រឿង៕