រាជធានីភ្នំពេញ ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅពេលថ្មីៗនេះ តាមរយ: Facebook ផ្ទាល់ខ្លួន និងក្នុងកម្មវិធីវេទិកា ICT និងឌីជីថលកម្ពុជា ឯកឧត្តម បានធ្វើការចែករំលែកនៅ «គន្លឹះខ្លះៗ សម្រាប់ការយល់ដឹង ដើម្បីការប្រើប្រាស់ “បច្ចេកវិទ្យា Digital និង Online” ដែលកំពុងពេញនិយមបច្ចុប្បន្នតាមរយៈស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យានានា ឱ្យមានសុវត្ថិភាព និងមានសារៈប្រយោជន៍»។
១/ សរសរស្តម្ភ ៖ ដើម្បីឱ្យ បច្ចេកវិទ្យា Digital និង Online បានចូលរួមចំណែកនៅក្នុងជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់ប្រសិទ្ធភាពសេវា និងជំរុញកំណើនសេដ្ឋកិច្ចសង្គមយើង គឺត្រូវមាន សរសរស្តម៣ ប្រទាក់ក្រឡាគ្នា៖
- រដ្ឋាភិបាលឌីជីថល
- ធុរកិច្ចឌីជីថល
- ពលរដ្ឋឌីជីថល
* អាទិភាពរបស់យើងដ៏ធំគឺ អប់រំពលរដ្ឋ ឱ្យយល់ដឹង ជឿទុកចិត្ត ចេះប្រើប្រាស់ជាមូលដ្ឋាន ដោយប្រសិទ្ធភាព និងសុវត្ថិភាព ជាពិសេសទប់ស្កាត់ ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការឆបោក និងការកន្លែងបន្លំ ដែលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាជន កិត្តិយស តម្លៃ ព្រមទាំងទប់ស្កាត់ការផុសរូបអាសអាភាស អាណាចារ ការញុះញង់បំផុសបំផុល និងការធ្វើសកម្មភាពអវិជ្ជមាននានា ដែលបង្កអន្តរាយដល់សេដ្ឋកិច្ចសង្គម។
២/ ការកសាងថ្នាល ៖ ដើម្បីឱ្យ បច្ចេកវិទ្យា Digital និង Online ដំណើរការ គឺត្រូវការមូលដ្ឋានទ្រទ្រង់ដូចតទៅ៖
- ត្រូវមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ Internet, Wi-Fi និងប្រព័ន្ធសេវាទូរស័ព្ទដើរបានល្អ ទូលំទូលាយ និងគ្រប់ទីកន្លែង
- ត្រូវមានឧបករណ៍ទូរស័ព្ទទំនើប និងកុំព្យូទ័រ
- មនុស្សត្រូវចេះប្រើ និងយល់ដឹងរបៀបប្រើ
- ត្រូវមាន ច្បាប់ ដើម្បីការពារសុវត្ថិភាព និងជាមូលដ្ឋានសំអាងដ៏សំខាន់សម្រាប់ការដោះស្រាយបញ្ហា។
៣/ ការចាប់យក៖
- ការចាប់យក បច្ចេកវិទ្យាថ្មី (adopt)
- ការសម្របខ្លួនក្នុងបច្ចេកវិទ្យាថ្មី (adapt)
- ធ្វើការផ្លាស់ប្តូរឱ្យស្របតម្រូវការ (transformation)
- ការឆ្នៃប្រឌិតថ្មីបន្ថែម (innovation)
** យើងមិនអាចយកបច្ចេកវិទ្យាផ្នែកទន់របស់គេទាំងស្រុង យកមកប្រើ ដោយមិនបានយល់ដឹង និងមិនបានផ្លាស់ប្តូរ ឬឆ្នៃប្រឌិតនោះទេ ដែលនាំដល់ ហានិភ័យ និងក្លាយជាអ្នករងគ្រោះក្នុងប្រព័ន្ធបច្ចេកវិទ្យា។
៤/ ប្រសិទ្ធភាព និងសុវត្ថិភាព
ដើម្បីឱ្យ បច្ចេកវិទ្យា Digital និង Online ដែលយើងម្នាក់ៗត្រូវការរាល់ថ្ងៃ និងរស់នៅជាមួយវារាល់ថ្ងៃ ប្រើដោយមានអត្ថប្រយោជន៍ គឺត្រូវមានលក្ខណៈនៃការប្រើប្រាស់ ដោយប្រទាក់ក្រឡាគ្នាដូចតទៅ៖
- ប្រើប្រាស់ដោយ រស់រវើក
- ប្រើប្រាស់ដោយ បង្កើនផលចំណេញ
- ប្រើប្រាស់ដោយ ប្រសិទ្ធភាព
- ប្រើប្រាស់ដោយ សុវត្ថិភាព
- ប្រើប្រាស់ដោយមានលក្ខណៈអេកូឡូស៊ី
*** បច្ចេកវិទ្យា មិនមែនជារឿងដោយឡែករបស់នរណាមួយទេ ព្រោះយើងទាំងអស់ប្រើប្រាស់វា ដែលយើងត្រូវយល់ដឹងជាមូលដ្ឋានទាំងអស់គ្នា ។
សំគាល់៖
•សេរីភាពព័ត៌មាននិងការបញ្ចេញមតិ នៅលើ បច្ចេកវិទ្យា Digital និង Online វាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ អ្វីដែលគួរជៀសវាង កុំបង្កើត Online ដើម្បីជេរគេ ឬធ្វើជាឧបករណ៍ប្រមូលព័ត៌មានឱ្យបរទេស។ ប្រយ័ត្នអន្តរាយ!
•យើងកំពុងរស់នៅក្នុងសម័យកាលពិភពទិន្នន័យ គឺជា Data World។ ឥឡូវនេះ យើងមិនចាំបាច់កាន់លុយទេ ដោយគ្រាន់តែប្រើធានាគារ Online ។ ព័ត៌មានផ្ទាល់ខ្លួនយើង វាមិននៅតែលើក្រដាសនោះទេ តែវានៅលើ Cyber។ ដូច្នេះ សង្គម ចាំបាច់ត្រូវមាន ច្បាប់ ការពារសុវត្ថិភាពទាំងអស់នេះ។ កុំនាំគ្នាប្រឆាំងការបង្កើត ច្បាប់ ប្រយ័ត្នពេលខ្លួនមានបញ្ហា តើយកអ្វីជាគោលដោះស្រាយ?
•សម័យឌីជីថល ធ្វើជាអ្នកមានលឿន ហើយ ក្រក៏លឿនដែរ។ វាធ្វើឱ្យក្លាហានខាងសម្តី តែក៏ក្លាយជាអ្នកកំសាក លើការទទួលខុសត្រូវដែរ។ ដូច្នេះ អ្វីដែលយើងពង្រឹងភាពឆ្លាតវៃ គឺត្រូវប្រឹងចាប់យកបច្ចេកវិទ្យា និងប្រើប្រាស់វាដោយប្រសិទ្ធភាព និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការអប់រំ សេវាកម្ម ការកែប្រែជីវភាពពលរដ្ឋ និងដើម្បីជំរុញសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែប្រសើរ។ កុំមើល បច្ចេកវិទ្យា Digital និង Online ត្រឹមជាជ្រុងនៃមធ្យោបាយអួត និងជេរគ្នា។ មើលវាលើជ្រុង សេវា ការស្រាវជ្រាវ ការអភិវឌ្ឍ និង សេដ្ឋកិច្ច៕