ខេត្តកណ្តាល ៖ ក្លិបអ្នកកាសែតកម្ពុជាដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មានជាង៩០នាក់ មកពី ៥៦អង្គភាពបានធ្វើដំណើរទស្សនៈកិច្ចស្វែងយល់ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
តាមការឲ្យដឹងរបស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)បានអោយដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានដ៏ធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានអោយដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព ការរចនាបែបប្រពៃណីខ្មែរ និងដំបូលនៃអគារអាកាសយានដ្ឋាន ត្រូវបានរៀបចំដោយសំណង់របៀបឈើ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង។លោកឧកញ៉ាបានបញ្ជាក់ទៀតថា នៅក្នុងរយៈពេល១ថ្ងៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវប្រើប្រាស់កម្មកររហូតដល់ជាង៧០០០នាក់ក្នុងការសាងសង់។ ជាមួយគ្នានេះ វិស្វករសរុបមានចំនួនជាង២០០នាក់ដែលជាជនជាតិខ្មែរ និង១០%ជាជនជាតិបរទេស។
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងជាអាកាសយានដ្ឋានប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបនូវប្រភេទយន្តហោះធុនយក្សចុះចតបាន។ព្រលានថ្មីនេះមានលម្ហធំទូលាយ ដែលអាចអោយយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ក្នុង១ឆ្នាំក្នុងដំណាក់កាលទី១រហូតដល់ឆ្នាំ២០៣០ និងពង្រីកបន្ថែមទៀតក្នុងដំណាក់កាលទី២និងទី៣រហូតដល់ឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញពីមោទនៈភាព និងចូលរួមអបអរសាទរដែលប្រទេសកម្ពុជាអាចសាងសង់អាកាសយានដ្ឋានដ៏ធំមួយ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ ជាពិសេសបានសាងសង់ដោយកូនខ្មែរ និងគ្រប់គ្រងដោយកូនខ្មែរផ្ទាល់។
ប្រតិភូអ្នកសារព័ត៌មានបានធ្វើទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោនិងបានថតរូបអនុស្សាវរីយ៏ផងដែរ៕