បន្ទាប់ពីធ្វើការចុះឃោសនារកសម្លេងគ្រាំទ្រ ពីប្រជាពលរដ្ឋអស់រយៈពេល២១ថ្ងៃ ក្នុងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុគន្ធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំថ្កូវ, បានរៀបចំដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រោមបរិយាកាសដ៏សប្បាយរីករាយ ព្រមទាំងទទួលបានការស្រលាញ់ គាំទ្រស្វាគមន៍យ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ទូទាំងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ឯកឧត្តមក៏បានយកឱកាសនៃថ្ងៃបិទយុទ្ធនាការ សម្តែងនូវអំណរគុណ, ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់, សមាជិក-សមាជិកា បក្ស និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទូទាំងឃុំថ្កូវ, ដែលបានខិតខំចូលរួមក្នុងការឃោសនា ជូនគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការ។
ជាចុងក្រោយ ឯកឧត្តមបានថ្លែងប្រាប់សមាជិកបក្សទាំងអស់ និងប្រជាពលរដ្ឋស្រុកត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមខ្លួន ត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារពាក់ព័ន្ធដែលអាចបម្រើការងារបោះឆ្នោតបាន ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខានស្អែកនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅទៀត៕