ខេត្តកោះកុង ៖ បទល្មើសឆ្លងខេត្ត ត្រូវបានលោក ប៉ រ៉ានី នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក វ៉ាន់ ថុង ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានសហការជាមួយគ្នា ចាប់បានទូកលបប្រើសមុខ១០០ ឬហៅលបកន្ទុយកណ្ដុរ ដែលជាបទល្មើសនេសាទខុសច្បាប់ ហើយខាងជំនាញជលផលហាមឃាត់ជាដាច់ខាតមិនឲ្យនេសាទក្នុងដែនសមុទ្រនោះទេ។
ទូកបទល្មើសនេសាទ ដែលជំនាញជលផលចាប់បានមានចំនួន២ទូកនេះ មកពីខេត្តកំពត។ ម្ចាស់ទូកដែលជលផលបាប់បាន (១)មានឈ្មោះ អ៊ឹង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងនៀល ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (២)ឈ្មោះ សុំ នៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះគ្រិះស្នា ឃុំ ឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បទល្មើសដែលជំនាញជលផលចាប់បានត្រូវរឹបអូសយកលបប្រើសមុខ១០០ ឬហៅកន្ទុយកណ្ដុរ មានចំនួន៣១០ខ្សែស្មើនិង២.៤៨០ម៉ែត្រ ត្រូវបានដកហូតយកមករក្សាទុកនៅ ស្នាក់ការជលផល និងយកទៅដុតបំផ្លាញ់ចូលទាំងអស់។
ចំណែកម្ចាស់ទូក ខាងជំនាញជលផលបានធ្វើកិច្ចសន្យាណែនាំម្ចាស់ទូកឲ្យបញ្ឈប់រាល់សកម្មភាពដែលរកស៊ីបទល្មើសនេសាទខុសច្បាប់នេះ ប្រសិនបើថ្ងៃក្រោយនៅតែឃើញរកស៊ីបទល្មើសដែលរដ្ឋបានហាមឃាត់នោះ និងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ហើយអាចឈានទៅដល់ជាបពន្ធធនាគារទៀតផង។
យោងតាមមាត្រា.៩៨. ត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពីបី(៣)ឆ្នាំទៅប្រាំ(៥)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀងឬលិខិតអនុញ្ញាតចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសនេះ។
តាមការត្អូញត្អែរពីម្ចាស់ទូកទាំងពីរនាក់បាននិយាយទាំងអួលដើមកថា លបប្រើសមុខ១០០ ឬលបកន្ទុយកណ្ដុរនេះ គាត់ទិញយកមកក្នុងមួយលបតម្លៃ៦.០០០០រៀលទៅ៧.០០០០រៀល ហើយក្នុងមួយទូក គាត់ទិញលបអស់ជាង១០លានរៀល យកមករកស៊ី ហើយណាមួយនោះ ពួកគាត់ជំពាក់បំណុលធនាគារទៀត។
ពាក់ព័ន្ធក្នុងការចាប់ទូកបទល្មើសលបប្រើសមុខ១០០ ឬហៅលបកន្ទុយកណ្ដុរនេះ អ្នកសារព័ត៌មានយើងបានសួរជំនាញជលផលនៅទីនោះ លោកឆ្លើយថា បទល្មើសដែលចាប់បាននេះនិងធ្វើការដុតបំផ្លាញ់ចោលក្នុងពេលឆាប់ៗខាងមុននេះ។ លោក ប៉ រ៉ានី ដែលជានាយករងផ្នែករដ្ឋបាលជលផលស្រុកបូទុមសាគរបានលើកឡើងថា រាល់បទល្មើសនេសាទខុសច្បាប់ទាំងនេះ លោកធ្វើការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងលោកអភិបាលស្រុកបូទុមសាគរចុះមកផ្ទាល់ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដំណឹងដល់ ប្រជានេសាទទាំងអស់ មិនអោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះទេអាចនិងមានទោសតាមផ្លូវច្បាប់ តែពលរដ្ឋមួយចំនួនខ្លះមិនព្រមស្ដាប់ឡើយ នៅតែបន្តធ្វើដដែល ទាល់តែចាប់រអ៊ូររទាំ ហើយក៏មានអ្នកមកចូលរួមអន្តរាគមន៍ខ្លះៗដែរ បន្ទាប់ពីចាប់បានបទល្មើសនោះ។
លោក ប៉ រ៉ានី ផ្នែករដ្ឋបាលជលផលបូទុមសាគរ និងលោក វ៉ាន់ ថុង ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង លោក តេង ហាន់ មេសហគមន៍ថ្មស ស្នើសុំយ៉ាងទទូចចំពោះ បងប្អូនប្រជានេសាទទាំងអស់ កុំឲ្យប្រើប្រាស់ឧបករណ៍ណាដែលរដ្ឋបានហាមឃាត់នោះ ដូចលបទាំងអស់នេះ វាខុសច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ហើយវាអាចបំផ្លិចបំផ្លាញធនធានសមុទ្រ ហិនហោចអស់ក្មានសល់ទេ ចុងក្រោយពិតពេលរដ្ឋខ្លួនឯងទេអស់ធនធានធម្មជាតិសមុទ្រនោះ។ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់បញ្ឈប់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទៀតទៅ៕