អន្តរជាតិ ៖ NBC បានរាយការណ៍ ដោយដកស្រង់ប្រភពថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរកងកម្លាំង ឱ្យខិតទៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសនោះ ភ្លាមៗ ប្រសិនបើចាំបាច់។
យោងតាមរបាយការណ៍ បន្តថា ទីក្រុងវ៉ាស៊ីនតោន បារម្ភថា អ៊ីស្រាអែល អាចនឹងចាប់ផ្តើមប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ទន្ទឹមនោះ កាលពីថ្ងៃពុធ នាវាចម្បាំង USS Wasp នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី ២៤ ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ ជាងនេះទៅទៀត នាវា USS Oak Hill ក៏ចូលចតក៏ស្ថិតនៅក្នុងតំបន់នោះដែរ។
ជាមួយគ្នានោះ មន្ត្រីអាមេរិក នៅតែទាក់ទងយ៉ាងជិតស្និទជាមួយសម្ព័ន្ធមិត្ត ដើម្បីសម្របសម្រួលការជម្លៀសរួមគ្នា ប្រសិនបើចាំបាច់ ។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកក្នុងប្រទេសលីបង់ នៅពាក់កណ្តាលខែមិថុនា ។ បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងចលនារ៉ាឌីកាល់ប៉ាឡេស្ទីន Hamas នៅតំបន់ហ្គាហ្សាស្ទ្រីប ៕