រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញបើកសិក្ខាសាលាស្តីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល
និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP)ដោយមានការអញ្ជើញចូលរួមពីអភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ទាំង២៥ ស្នងការរងនគរបាល -មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត ទាំង២៥ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការសុខភាពកម្ពុជាបានមានប្រសាសន៍ថា យុវជនជាច្រើន នាំគ្នាសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក និង អេចឈ៍ ធី ភី ក្រោយពីត្រូវបាន អូសទាញដោយការផ្សព្វផ្សាយរបស់ក្រុមអ្នកលក់បារីអេឡិចត្រូនិក ហើយការប្រើប្រាស់ ផលិតផលគ្រោះថ្នាក់ទាំងនោះ ជាច្រកទ្វារ ទៅកាន់ការប្រើប្រាស់ថ្នាំញៀន ការស្រូបចូលជាតិនីកូទីន ដែលមានលក្ខណៈបង្កភាពងាយស្រួល សម្រាប់ឱ្យអ្នកប្រើប្រាស់ អាចដាក់បញ្ចូលបាន នូវកញ្ឆា និងប្រភេទថ្នាំញៀនផ្សេងៗ។បារីអេឡិចត្រូនិកផ្ទុកសារធាតុនីកូទីន និងសារធាតុគីមីបង្កជំងឺមហារីក លោហៈធ្ងន់ និងភាគល្អិត អាចស្រូបចូលជ្រៅទៅក្នុងសួតនិងបង្កអន្តរាយដល់រាងកាយ រីឯឧបករណ៍បារីអេឡិចត្រូនិកមានហានិភ័យលេចធ្លាយ ឆេះផ្ទុះ ដោយអាចបង្កនូវការរលាកធ្ងន់ធ្ងរ។
ថ្លែងក្នុងនាមឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅដល់គ្រប់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវអនុវត្តនូវសេចក្តីណែនាំលេខ ០០១/១៤ស.ណ.ន.អ.ជ.ប.គ.ញ និងសេចក្តីណែនាំលេខ ០០១/២១ ស.ណ.ន.អ.ជ.ប.គ.ញ ទទួលបានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក៏បានស្នើសុំដល់សិក្ខាសាលាទាំងមូល ទាំងមូលបន្តយកចិត្តទុកដាក់និងលើកយកបញ្ហាប្រឈមនិងចែករំលែកបទពិសោធន៍នានាក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការនាំចូល
និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTP)នេះឱ្យបានផុលផុស ដើម្បីបន្តជោគជ័យទៅមុខទៀត ដើម្បីអនាគតកូនចៅយើង ៕