ខេត្តកំពង់ចាមច៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជនបានថ្លែងថា ៖ ការជ្រើសរើសគណបក្សនយោបាយដើម្បីដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នេះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវប្រកបដោយបទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានទាំង សោភណ័ភាព សុវត្ថិភាពនិងផាសុកភាព។បន្ទាប់មកទើបត្រូវការអ្នកសាងសង់ដែលមានកេរ្ត៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរបស់អគារនោះ។
លោកបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងបែបនោះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។
លោកបណ្ឌិតហ៊ុន ម៉ាណែត បានលើកទ្បើងថា យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។
លោកបញ្ជាក់ថា ក្នុងន័យខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ លោកថា ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។