ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង បានជួបប្រជុំការងារជាមួយ លោក ឆាត សុភាព នាយកអង្គការវ៉តធ័រអេតប្រចាំកម្ពុជា និងក្រុមការងារ ដើម្បីពិភាក្សា លើការងារអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទក្នុងខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការវ៉តធ័រអេតប្រចាំកម្ពុជា ដែលតែងបានចូលរួមយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ នៅក្នុងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម ក៏បានស្នើដល់លោកនាយកអង្គការ និងក្រុមការងារ សូមបន្តកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ និងមានជីវភាពកាន់តែល្អប្រសើរ។
ឯកឧត្តមក៏សូមថ្លែងអំណរគុណផងដែរជូនចំពោះអង្គការវ៉តធ័រអេតប្រចាំកម្ពុជា ដែលបានចូលរួមឧបត្ថម្ភអំណោយជាស្បៀងអាហារ និងគ្រឿងបរិក្ខារមួយចំនួនដល់រដ្ឋបាលខេត្ត សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមបន្តយកចិត្តទុកដាក់រៀបចំអនាម័យភូមិដ្ឋានឲ្យបានស្អាត មានអនាម័យ បរិស្ថានល្អ ទប់ស្កាត់បាននូវជំងឺដង្កាត់នានា និងសូមបន្តអនុវត្តដោយយកចិត្តទុកដាក់នូវវិធានការ ”៣ការពារ ៣កុំ” ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ៕