ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឈរ ដារ៉ា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក លី ធ័ន មន្រ្តីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ ” ស្តីពីចរាចរណ៍ផ្លូវគោក ” នៅសាលាឃុំសាលាវិស័យ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុកប្រាសាទបាល័ង្ក ដែលមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុក មេឃុំ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាល ប្រធាន អនុប្រធាន ភូមិ សមាជិកភូមិ យុវជនភូមិ និងប្រជាការពារឃុំសាលាវិស័យ សរុបមានអ្នកចូលរួមចំនួន ៤៨នាក់ ស្រី ១៦នាក់។
ជាមួយគ្នានេះផងដែរ លោក លី ធ័ន បានដឹកនាំនូវកម្មវិធីសួរសំណួរ យកមួកសុវត្ថិភាពចំនួន០៧មួក ក្នុងនោះ២មួកឧបត្ថម្ភដោយសាលាបង្រៀនបើកបរដៃនិម្មិត សាខាខេត្តកំពង់ធំ និងចែកខិត្តប័ណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
ផ្ទាំងរូបភាព ”សញ្ញាចរាចរណ៍សំខាន់ៗ” ចំនួន ០៥សន្លឹក ។ សៀវភៅច្បាប់ ”ស្តីពីចរាចរណ៍ផ្លូវគោក” ចំនួន ៦០ក្បាល។ ពាក្យស្លោក”ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ២០សន្លឹក។ មួកសុវត្ថិភាពចំនួន ០៧មួក។ សៀវភៅ ”អ្វីដែលអ្នកបើកបរទោចក្រយានយន្ដត្រូវយល់ដឹង” ចំនួន ១០០ក្បាល។ខិតប័ណ្ណជំនួយស្មារតី ”ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក” ចំនួន ១០០សន្លឹក។ផ្ទាំងពាក្យរូបភាព ”អ្នកថ្មើរជើងឆ្លងកាត់” ចំនួន ០៥សន្លឹក ។
ជាចុងក្រោយលោក ឈរ ដារ៉ា ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងអាយុជីវិតក្នុងការធ្វើដំណើរផងដែរ។ ពិសេសមួយទៀតគឺសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺ-១៩ នៅតាមមណ្ឌលសុខភាពនៅជិតមូលដ្ឋានរបស់បងប្អូន និងរក្សា(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕