អន្តរជាតិ ៖ គណៈកម្មាធិការអូឡាំពិកវៀតណាមបានដាក់សំណើទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ ដើម្បីពន្យាពេលព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសនេះដល់ខែកក្កដាឆ្នាំ ២០២២ ។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ដែលគ្រោងនឹងធ្វើនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំក្រោយចំពេលមានក្តីបារម្ភអំពីជំងឺកូវីដ១៩ ។
គួររំឭកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា និងធ្នូ ឆ្នាំនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
ចាប់តាំងពីខែមេសា ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅវៀតណាម មានច្រើនជាង ៣ ដង ពោលមានដល់ជាង ៩,០០០ ករណី ទោះបីមានកម្រិតទាប បើប្រៀបធៀបទៅនឹងប្រទេសជិតខាង នៅអាស៊ីអាគ្នេយ៍ភាគច្រើនក៏ដោយ ប៉ុន្តែអត្រាចាក់វ៉ាក់សាំងនៅវៀតណាមទាបបំផុត នៅក្នុងតំបន់ និងទាបបំផុតនៅអាស៊ី ។
ទន្ទឹមនោះ ប្រទេសនេះក៏កំពុងផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍នាពេលថ្មីៗនេះផងដែរ នៅខេត្ត Bac Giang ខេត្ត Bac Ninh ទីក្រុងហូជីមិញ និងខេត្ត Ha Tinh ជាដើម ។
គិតត្រឹមពេលនេះ ប្រទេសវៀតណាម មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១០,៨៨១ ករណី និងមានអ្នកស្លាប់ ៥៩ នាក់ ខណៈមានអ្នកជាសះស្បើយ ៤,២៣៦ នាក់ ៕