ខេត្តកំពង់ធំ ៖ ជំនន់ទឹកភ្លៀងដំបូង ធ្វើឲ្យផ្នែកខ្លះនៃស្រុកចំនួន២ និងក្រុងស្ទឹងសែន រងផលប៉ះពាល់ដំណាំស្រូវ ប្រមាណជាង ៣០០ ហិកតា និងខូចខាតជិត ១០០ហិកតា។
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅស្រុកកំពង់ស្វាយ។
ក្នុងឱកាសនោះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយបញ្ជាក់ថា ជំនន់ទំនន់ទឹកភ្លៀងដំបូងនេះ បានធ្វើឲ្យរងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន លើស្រុក ក្រុង ចំនួន ៣ គឺស្រុកកំពង់ស្វាយ ចំនួនបីឃុំ គឺឃុំក្តីដូង ឃុំកំពង់គោ និងឃុំព្រៃគុយ, ស្រុកប្រាទសំបូរ ចំនួន១ឃុំ (ឃុំឈូក), និងក្រុងស្ទឹងសែន នៅសង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ ដែលរងផលប៉ះពាល់ស្រូវស្រាល (ស្រូវប្រាំង) សរុប ៣៣៦ ហិកតា និងខូចខាតប្រមាណ៨៨ហិកតា ស្មើរ៥៦គ្រួសារ។
ទន្ទឹមនោះក៏នៅមានផ្ទៃដីប្រឈមសរុប៧៨៨ ហិកតា បន្ថែមទៀត ដែលអាចនឹងរងផលប៉ះពាល់ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ លោកបន្ថែមថា ផ្ទៃដីដែលខូចខាតភាគច្រើន ជាដំណាំស្រូវ ជិតប្រមូល។
ក្នុងឱកានោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើន ការយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងណែនាំឱ្យអាជ្ញាធរបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ត្រៀមលក្ខណៈគ្រប់ផ្នែកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលគ្រោះមហនត្តរាយណាមួយកើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ផ្នែកសុខាភិបាលក៏ត្រូវត្រៀមខ្លួន ត្រៀមថ្នាំសង្កូវ ដើម្បីចុះដល់ទីទួលសុវត្ថិភាព ក្នុងរណីដែលមានមូលដ្ឋានស្រុកណាមួយជម្លៀលប្រជាពលរដ្ឋ និងសត្វពាហនៈ ទៅកាន់ទីទួល។ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំ ស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញ នៅពេលទឹកស្រក៕