ខេត្តកំពង់ឆ្នាំង ៖ បើយោង តាមសេចក្តីសម្រេចលេខ ២៥៥/ ០៧២២ គក ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា
បានសម្រេចបញ្ចប់ភារកិច្ច លោកសួនសេរីរដ្ឋា ពីសមាជិកក្រុមការងារគណបក្សប្រចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងពីអនុប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ការចេញសម្រេចខាងលើនេះបន្ទាប់ពីអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបញ្ជាក់ព័ត៌មានក្រោយពីបានពិនិត្យឃើញថា មានហ្វេសប៊ុក(Facebook) ឈ្មោះ សួន សេរីរដ្ឋា បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ផ្សាយថា “សកម្មភាពបទល្មើសនេសាទ នៅក្នុងរដូវបិទ នេសាទចាប់ពី ៥០០ម៉ែត្រ ទៅ ១.០០០ ម៉ែត្រ ដែលកំពុងកើតមានយ៉ាងពេញទំហឹង នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ហើយដែលជនល្មើសប្រើប្រាស់សម្ភារៈហាមឃាត់មួយចំនួនរួមមាន ៖ -របាំងសាច់សារ៉ូខៀវ -របាំងលូស្បៃមុង -របាំងបរណរ៉ាវក្រឡាញឹក – ទូកមងគ្រប ៣ជាន់ -សក ម្មភាពហ៊ុមព័ទ្ធសម្រាស់ និងបានចុះផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ម្ដងទៀត ដោយលើកឡើងថា “បទល្មើសនេសាទក្នុងទន្លេសាប ៖ ការបង្ក្រាបដែលមិនដែលចាប់ជនល្មើសជាថៅ ឬម្ចាស់សំណាញ់អូនធំៗទាំងនេះ យកមកកាត់ទោសនិងផ្តន្ទាទោសតាមច្បាប់ម្ដងណា! នេះគឺគ្រាន់លើកកម្លាំងទៅកាប់ តែបង្គោលមងខ្លះបណ្ដែតចោលក្នុងទន្លេ រួចជាន់ស្បៃមងខ្លះពន្លិចចូលក្នុងទឹកដីរួចស្រេច (?) ហៅថាបង្ក្រាបហើ យ… ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមប្រកាសបដិសេធចោលទាំងស្រុង និងសូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា ៖ ការផ្សព្វផ្សាយព័ត៌មានខាងលើនេះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ខុសពីការពិត ដោយមិនបានសិក្សាឱ្យស៊ីជម្រៅលើការអនុវត្តន៍គោលការណ៍ នីតិវិធីច្បាប់ និងបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាទេ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររបស់រដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជននៅក្នុងនិងក្រៅប្រទេសមានការភាន់ច្រឡំ ។
ក្រុមការងាររបស់រដ្ឋបាលខេត្ត បាននឹងកំពុងខិតខំទាំងកម្លាំងកាយកម្លាំងចិត្តក្នុងការអនុវត្តន៍ភារកិច្ចដ៏ម៉ឹងម៉ាត់ និងយ៉ាងសកម្ម ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។
គឺព្រោះតែហេតុនេះហើយ ទើបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចប់ភារកិច្ចរបស់លោក សួន សេរីរដ្ឋា ពីសមាជិកក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ៕