ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ៣៧នាក់អត់បាយអត់ទឹកនៅពេញព្រៃក្នុងទឹកដីថៃ ខណដែលពួកគាត់ត្រូវមេខ្យល់យកទៅទម្លាក់ចោលក្នុងព្រៃត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចសយស៊ី (សយ៤) ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២១ ទាហានព្រាន ឈុតខ្មៅថៃកងអនុសេនាធំលេខ ១២.០៦ បានផ្តល់ព័ត៌មានមកថា ក្រុមរបស់ខ្លួនបានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៣៧នាក់ ក្នុងនោះមាន ស្រី១៩នាក់ បានលួចឆ្លងដែនទៅរកការងារនៅប្រទេសថៃដោយខុសច្បាប់ក្នុងភូមិសាស្ត្របានណូន ឃុំផានសឹក ស្រុកអារញ្ញ ។ ក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ ត្រូវបានទាហានឈុតខ្មៅថៃកងអនុសេនាធំលេខ ១២.០៦ បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្លងណាំសៃ ដើម្បីមានវិធានការបន្ត ។
លោកវរសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំង៣៧នាក់នោះបាននិយាយថាក្រុមខ្លួនចាញ់បោកមេខ្យល់ដែលបានសន្យាថានឹងជូនក្រុមខ្លួនទៅប្រទេសថៃដើម្បីរកការងារធ្វើ ហើយក្នុងការជូននោះគឺត្រូវបង់ឲ្យមេខ្យល់ក្នុងម្នាក់ៗ ១.០០០បាតថៃ ។ ប៉ុន្តែក្រោយពីជូនដល់ចំណុចក្នុងទឹដីថៃ ហើយដោយឃើញមានទាហានឈុតខ្មៅនៃកងអនុសេនាធំលេខ១២.០៦របស់ថៃកំពុងល្បាតតាមព្រំដែននោះ មេខ្យល់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង។
លោកក៏បានធ្វើការអំពាវនាវដល់បងប្អូនពលករទាំងអស់គួរឲ្យគិតនិងពិចារណាឲ្យបានដិតដល់មុននិងឲ្យមេខ្យល់ជូនទៅថៃព្រោះមេខ្យល់ជូនឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថានផងដែរនោះទេ ៕