ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការដឹកនាំក្រុមការងារមាន លោក ជួប ចំរើន សមាជិកគណៈកម្មការថ្នាក់ខេត្ត និងជាប្រធានក្រុមការងារឃុំផ្លូវទូក លោក សុំ ចាន់ថន ប្រធានគណបក្សស្រុកកំពង់លែង លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង លោក ពុំ សុផល អភិបាលរងស្រុករួមនឹងសមាជិកក្រុមការងារគណបក្សជាច្រើនរូប បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ទន្ទឹមនោះ ឯកឧត្តមបានផ្ដល់នូវសំភារះជាម្ហូបអាហារមួយចំនួនផងដែរ ជូនទៅដល់ពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នេះជាការផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋលើកទី ៤ ក្នុងចំណោមពលរដ្ឋជាង ១ ពាន់គ្រួសារ ក្នុងឃុំផ្លូវទូក។
នាឱកាសនោះ ឯកឧត្តមបានអំពាវនាវអោយប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) រួសរាន់ទៅចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពឃុំផ្លូវទូកអោយបានគ្រប់ៗគ្នា ដើម្បីអោយមានភាពសាំនៅក្នុងសហគមន៍ កុំអោយមានការឆ្លងរាលដាលជំងឺកូវីដ១៩ប្រភេទអូមីក្រុង។ ក្រុមការងារក៏បានចុះពិនិត្យការដាក់ប្រព័ន្ធភ្លើងសូឡាបំភ្លឺផ្លូវ និងការជីកអណ្តូងទឹកស្អាតជូនពលរដ្ឋឃុំផ្លូវទូក សំរាប់ប្រើប្រាស់ផងដែរ៕
ឯកឧត្តមអភិបាលរងខេត្តបានថ្លៃងថា អំណោយទាំងនេះតិចតួចមិនច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង ប៉ុន្តែនេះជាទឹកចិត្តនៃការជួយជ្រោមជ្រែង និងចែករំលែកមួយចំនួន នូវអ្វីដែលអាជ្ញាធរខេត្តអាចជួយបាន នឹងបន្តជួយជានិច្ចរាល់ការលំបាក រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនបោះបង់ចោលជាដាច់ខាត គឺជួយប្រជាពលរដ្ឋទូទៅមិនប្រកាន់និន្នាការនយោបាយនោះឡើយ ឲ្យតែប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូក ដោយសារឃុំផ្លូវទូក ជាឃុំមួយដែលមានពលរដ្ឋជិត១ពាន់គ្រួសារ ដែលបានបម្លាស់ទីផ្ទះបណ្ដែតទឹករស់នៅលើគោក ដូច្នេះការតាំងទីលំនៅថ្មីរបស់បងប្អូនពិតជាមានការលំបាក អាជ្ញាធរខេត្តរួមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូប នឹងបន្តខិតខំជួយរៀបចំសណ្ដាប់ធ្នាប់និងកិច្ចការមួយចំនួនច្រើនទៀតដើម្បីសម្រួលក្នុងការរស់នៅ។
ប្រជាពលរដ្ឋនៅឃុំផ្លូវទូក ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ ឯកឧត្តមលោកជំទាវអស់លោក លោកស្រី ជាច្រើនរូបដែលជាថ្នាក់ដឹកនាំគណបក្ស តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតាមជនបទ តែងតែជួបនូវការលំបាកដូចជាក្នុងករណីហេតុការណ៍គ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើម ដែលអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូបបានខិតខំជួយជ្រោមជ្រែងកន្លងមក៕