ខេត្តសៀមរាប ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១នេះ ដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC)និងប្រព័ន្ធលូ ស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ខណៈដែលផ្លូវនេះបានសាងសង់សម្រេចបានជាង៨០ភាគរយហើយ។
ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុង រយៈពេលជាង១១ខែកន្លងមកនេះ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាមួយគ្នានោះ ក៍មានការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យលិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។ ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បី ពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្ដមបានបន្ដថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹង ការរាំស្ទះដោយសាវិបត្តិជម្ងឺកូវីដ១៩ ធ្វើអោយកម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ ទន្ទឹមនឹងនេះ ពេលវេលា សម្រាប់ការសាងសង់មានរយៈពេលខ្លី ក្រុមការងារត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់ មានការលំបាក់ក្នុងការងារសាងសង។ តែទោះជាយ៉ាងនេះក្តី ដោយមានការតាំងចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុងត្រូវបានបន្តការស្ថាបនា សម្រេចបានលឿនជាង ផែនការ កំណត់បន្តិច និងសង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះ ជាមួយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ខណៈពេលដែលក្រសួងមានសម្ភារៈ ត្រួតពិនិត្យបច្ចេកទេសបច្ចេក វិទ្យាទំនើបមួយចំនួនហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រើប្រាស់ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាមលក្ខណៈបច្ចេកទេស ជាប់គង់វង្សយូអង្វែង។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕