រាជធានីភ្នំពេញ ៖ អតីតបុគ្គលិក វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បានដាក់ពាក្យនៅក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ មានចំនួនសរុប ២៨នាក់ ស្រី០៦នាក់។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា គិតមកដល់ម៉ោងឱសានវាទ នៃថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានចំនួនសរុប ២៨នាក់ ហើយគណៈកម្មការកំពុងពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអតីតបុគ្គលិកទាំងនោះឱ្យបានច្បាស់លាស់លើពាក្យស្នើសុំ មុននឹងចាត់ចែងបន្តទៅតាមនីតិវិធី។
ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា ការដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋរបស់អតីត បុគ្គលិកVOD នេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលពួកគេមិនគួរបន្តឱ្យក្លាយទៅជាឧបករណ៍របស់អ្នកណាម្នាក់ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃការពិតនៅកម្ពុជា ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។
សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ ហើយដោយក្តីអាណិតអាសូរដល់អតីតបុគ្គលិកវិទ្យុនេះ សម្តេចបានអនុញ្ញាតឱ្យពួកគេដាក់ពាក្យសុំចូលបម្រើជាមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ដោយដាក់ឱសានវាទ ត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕អាកាប៉េ