រាជធានីភ្នំពេញ ៖ ព្រឹទ្ធសភា បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “នយោបាយការទូតសភា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា (សាលសិក្ខាសាលាខាងជើង)ដោយមានការចូលរួមសហការពីក្លិបអ្នកកាសែតកម្ពុជា ។
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានជម្រាបជូនអង្គវេទិកាថា ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា កអក នឹងរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវនយោបាយការទូតសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះ។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានគូសបញ្ជាក់ពីសារសំខាន់នៃនយោបាយការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ប្រធានគណៈកម្មការបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កំណត់ការអនុវត្ដនយោបាយការទូតសភា គឺដើម្បីចូលរួមចំណែកជួយគាំទ្ររដ្ឋាភិបាលអាណត្ដិទី៧ឱ្យមានស្ថិរភាព ប្រក្រតីភាព និងដំណើរការដោយរលូន។ បន្ថែមលើនេះ នយោបាយការទូតសភាក៏រួមចំណែកក្នុងការជួយស្វែងរកសន្ដិភាពជូនប្រទេសដែលកំពុងប្រឈមបញ្ហាផងដែរ តួយ៉ាងដូចជាប្រទេសមីយ៉ាន់ម៉ាជាដើម៕