ខេត្តបន្ទាយមានជ័យ ៖ ខណៈប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់រណ្ទំជាប់ៗគ្នាដែលបណ្តាលពីឥទ្ធពលវិសម្ពាធបរិយាកាសក្នុងតំបន់ និងមានការបើកទឹកពីផ្នែកខាងលើហូរស្រុងចុះមក ធ្វើឱ្យទឹកផ្នែកខាងក្រោម ត្រង់ចំណុចភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ លិចលង់និងប្រឈមស្រូវពង្រោះរបស់បងប្អូនប្រជាពលរដ្ឋដែលទើបបង្កបង្កើនផលនិងដុះបានខ្លីៗ ។
កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងលោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បាននាំយកគ្រឿងចក្រចូកអេស្កាវ៉ាទ័រ ដើម្បីកាយបើកមុខទឹកបញ្ចៀសការជន់លិចស្រូវបងប្អូនប្រជាពលរដ្ឋ នៅចំណុចអូរព្រំប្រទល់ឃុំស្លក្រាម ស្រុកស្វាយចេក និងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ជាមួយគ្នានឹងគ្រោះធម្មជាតិនេះ លោក អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់អាជ្ញាធរក្រុង -ស្រុកទាំង៩ និងឃុំ សង្កាត់ទាំង៦៧ នៃខេត្តផ្តោតយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនិងទឹកជំនន់ពីផ្នែកខាងលើដោយមួយយៈពេលនេះមានភ្លៀងជាបន្តបន្ទាប់ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។
ជាពិសេសបើក្នុងករណីតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ត្រូវរកវិធីសាស្ត្រនិងគ្រប់មធ្យោបាយ ក្នុងការរំដោះទឹកកុំឱ្យមានការជន់លិច ផលដំណាំ ក៏ដូចជាផ្ទះសំបែងប្រជាពលរដ្ឋ ។មួយវិញទៀត បើក្នុងករណីជំនន់ទឹកភ្លៀងធ្លាក់មកខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។
ហើយនៅថ្ងៃទី២៥ខែឧសភា នេះ លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងសិរីសោភ័ណបានចុះពិនិត្យបច្ចុប្បន្នភាពស្ថានភាពទឹកភ្លៀងនៅសង្កាត់ម្កាក់ជាបន្ត។
សូមរំលឹកដែរថា កាលពីអំឡុងថ្ងៃទី១៥- ១៧ ខែឧសភា ឆ្នាំ២០២៥ កន្លងមកលោក កែវ តារារស្មី អភិបាល នៃគណះអភិបាលស្រុកអូរជ្រៅនិងមន្ត្រីស្រុក ឃុំពាក់ព័ន្ធ គឺលោក បៅ សំអឿន មេឃុំគុត្តសត លោក ម៉ាក សុឃឿន មេឃុំកូប សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សហការី ចុះត្រួតពិនិត្យមើលផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនដែលរងផលប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀងជំនន់ទឹកភ្លៀង ដែលហូរស្រុងចុះមកពីក្រុងប៉ោយប៉ែតដែលជន់លិចដោយទឹកភ្លៀងកន្លងមក មកចំលើដីស្រែនៅឃុំគុត្តសត ឃុំកូប ស្រុកអូរជ្រៅ។
បំណងនៃការចុះនោះ ដើម្បីស្វែងរកចំណុចដែលត្រូវកាប់កាយបង្ហូរបន្ធូរទឹក ជជូនបងប្អូនប្រជាកសិករកុំអោយលិចលង់ស្រូវពង្រោះ នៅក្នុងឃុំគុត្តសត និងឃុំកូប។
ជាលទ្ធផល បានដោះស្រាយបាន ប៉ុន្តែនៅតែបន្តតាមដាន ទ្រោលនិងគ្រប់គ្រង់ស្ថានភាពគ្រោះធម្មជាតិបន្តទៀត ៕