រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងវេទិកាពិភាក្សាលើប្រធានបទ «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស» ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមអ្នកនាំពាក្យក្រសួងសុខាភិបាល រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញពាក់ព័ន្ធ និង
មានការចូលរួមពីសមាជិក សមាជិកា នៃក្លឹបអ្នកកាសែតកម្ពុជា ដែលអញ្ជើញមកពីបណ្តាអង្គភាព ស្ថាប័នសារព័ត៌មានចំនួន ៥៦ និងអ្នកសារព័ត៌មានសរុបចំនួន ៧០រូប ដើម្បីបានស្វែងយល់កាន់តែច្បាស់ពីវិស័យសុខាភិបាល ដែលជាផ្នែកដ៏សំខាន់មួយ ក្នុងការចូលរួមផ្សព្វផ្សាយពីការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកំណត់សកម្មភាពក្នុងបរិបទទូទៅនៃកម្មវិធីនយោបាយដាក់ចេញខែសីហា ឆ្នាំ២០២៣ ដោយបានដាក់បញ្ចូលសុខភាពក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។ លោករដ្ឋមន្ត្រី ក៏បានរម្លឹកផងដែរថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានដាក់បញ្ចូលសុខភាពក្នុងចំណោមអាទិភាព ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ សកម្មភាពទាំងនេះបានអនុវត្តតាមសេចក្ដីណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើបញ្ហាសុខភាព និងជាពិសេសមូលធនមនុស្ស និងការបណ្ដុះបណ្តាលធនធានមនុស្ស។
លោកសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងអំពីការរៀបចំបង្កើតក្រុមអ្នកជំនាញទទួលបន្ទុកតាមវិស័យនីមួយៗ និងបន្ទាប់មកជូនការទទួលខុសត្រូវតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្ដាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ទាំង២៥។ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការក្នុងស្ថានភាពចំពោះមុខ ចាប់តាំងពីរបីខែដំបូងនៃអាណត្តិ និងក្នុងរយៈពេលវែងជាមួយនឹងការរៀបចំយុទ្ធសាស្ត្រតាមវិស័យ។ ជាចុងក្រោយ គន្លឹះនៃភាពជោគជ័យ យោងតាមអនុសាសន៍នៃយុទ្ធសាស្ត្របញ្ចកោណ គឺស្ថិតនៅក្នុងដំណើរការអន្តរក្រសួង និងអភិក្រមពហុវិស័យ ធ្វើឱ្យឆ្លើយតបបានទៅនឹងកត្តាកំណត់វិស័យសុខាភិបាល។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងទៀតថា «ការពិនិត្យ និងព្យាលបាលជំងឺរបស់ប្រជាពលរដ្ឋយើងនៅតាមមណ្ឌលសុខភាព នៅមន្ទីរពេទ្យបង្អែកទូទាំងប្រទេស គឺមានការកើនឡើង។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣កន្លងទៅ យើងបានធ្វើការប៉ាន់ប្រមាណនៃអ្នកដែលចេញទៅទទួលសេវាសុខាភិបាលឱ្យខ្ពស់បំផុតប្រមាណជាង២០-២៥ម៉ឺននាក់ ស្មើនឹង ១.៥% តែប្រៀបធៀបនឹងអ្នកជំងឺដែលទទួលពិនិត្យព្យាបាលនៅក្នុងស្រុកយើងវិញមានចំនួនប្រមាណជា ១៣លាន ៤សែន ៤ម៉ឺននាក់ ស្មើនឹង ៩៨.៥%»។
សម្រាប់ការទៅទទួលសេវាសុខាភិបាលនៅបរទេសនេះ ប្រទេសជឿនលឿនខ្លះក៏មានចំនួនច្រើនឬតិចជាងនេះ គឺអាស្រ័យទៅតាមសកម្មភាពរបស់ប្រទេសនីមួយៗ ដូចជានៅសិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ បារាំង អ៊ីតាលី ក៏មានអ្នកចេញទៅព្យាបាលនៅក្រៅប្រទេសដែរ ព្រោះជាការជ្រើសរើសរបស់ពួកគាត់ ។លើសពីនោះក៏មានអតិថិជនពីក្រៅប្រទេសនោះ មកទទួលសេវាសុខាភិបាលនៅកម្ពុជាយើងផងដែរ។
លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្តទៀតថា ទោះយ៉ាងនេះក្ដី ក្រសួងសុខាភិបាល នៅតែបន្ដខិតខំប្រឹងប្រែងដើម្បីបម្រើសេវាសុខាភិបាល និងផ្ដល់ការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរ ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេស ដោយក្នុងនោះគឺខិតខំពង្រឹងសេវាសុខាភិបាលកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈរដ្ឋ និងឯកជន និងត្រូវទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយសារការផ្សព្វផ្សាយមួយចំនួនលើសពីការពិត ដែលទាមទារឱ្យមានអប់រំផ្សព្វផ្សាយពីសុខភាពនេះដែរ។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ក្រសួងសុខាភិបាល រួមជាមួយនឹងអ្នកវិជ្ជាជីវៈសុខាភិបាលទាំងអស់ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រដោយរាជរដ្ឋាភិបាល បានព្យាយាមវិនិយោគបន្ថែម ដើម្បីផ្ដល់ការឆ្លើយតបសមស្របបំផុតចំពោះតម្រូវការសុខភាពរបស់ប្រជាជន និងដើម្បីផ្សព្វផ្សាយឱ្យយល់ដឹងកាន់តែប្រសើរឡើងអំពីសកម្មភាពរបស់ក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរយោបល់ជាប្រចាំជាមួយប្រជាជននៅតាមមូលដ្ឋាន ឈានទៅការបម្រើសេវាថែទាំសុខភាពកាន់តែប្រសើរឡើង។
បន្ទាប់មកទៀត លោកសាស្រ្តាចារ្យ បានផ្តល់ឱកាសជូនដល់ក្រុមសារព័ត៌មានទាំងអស់ ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្ហាញពីវឌ្ឍនភាព សមិទ្ធផល និងការរីកចម្រើនរបស់មន្ទីរពេទ្យជាតិមួយក្នុងចំណោមមន្ទីរពេទ្យជាតិនៅកម្ពុជា ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារបច្ចេកវិទ្យាវេជ្ជសាស្ត្រ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក)បានឲ្យដឹងថា តាមរយៈវេទិកាពិភាក្សានេះ និងផ្តល់ឪកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់ពាក់ព័ន្ធការងារក្នុងវិស័យសុខាភិបាល ហើយអ្នកសារព័ត៌មានអាចលើកជាសំណួរទាក់ទងកម្មវិធីការងារជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល រួមទាំងសំណួរផ្សេងៗទៀតដែលមានសារ:ប្រយោជន៍ដល់ការលើកកម្ពស់ និងសុខុមាលភាពប្រជាជនកម្ពុជា៕