រាជធានីភ្នំពេញ ៖ ដោយសារតែពិភពលោក នៅតែជួបបញ្ហាប្រឈមធំពីការលួចបង្វែរសារធាតុគីមីផ្សំយកទៅសំយោគលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់នោះ កម្ពុជា និង INCB បានសហការគ្នារៀបចំនូវវគ្គបណ្តុះបណ្តាល ស្ដីពីប្រព័ន្ធផ្លាស់ប្តូរព័ត៌មានរបស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិដល់មន្រ្តីអនុវត្តច្បាប់កម្ពុជា។
ដែលពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ ក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ហ្វឺណង់ដូ រ៉ូម៉េរ៉ូ កុងត្រឺរ៉ាស (Fernando Romero Contreras) ជាអ្នកសម្របសម្រួលកម្មវិធីគំនិតផ្ដួចផ្ដើមប្រតិបត្តិការរបស់កម្មវិធីសកលស្ដីពីការហាមឃាត់សារធាតុគ្រោះថ្នាក់ (GRIDS) ដែលមានការចូលរួមពីមន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ។
ថ្លែងក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណដល់អង្គការសហប្រជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ ដែលតែងតែចូលរួមសហការជួយដល់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសតែងតែជួយគាំទ្រទាំងមធ្យោបាយ បច្ចេកទេស និងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់កម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងថា យើងទាំងអស់គ្នាត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងសារធាតុគីមីផ្សំអោយបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយកម្លាំងសមត្ថកិច្ចកម្ពុជាបង្រ្កាបបានករណីលួចកែច្នៃផលិតគ្រឿងញៀនសំយោគទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ បង្ក្រាបបានករណីផលិតកែច្នៃគ្រឿងញៀនខុសច្បាប់ចំនួន០៣ករណី នៅទីតាំងចំនួន០៤ផ្សេងៗគ្នា រឹបអូសបានសារធាតុញៀនប្រមាណជាង២តោន សារធាតុគីមីជាង២០០តោន និងឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនធំ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ៕
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០២ថ្ងៃ គឺថ្ងៃទី៩-១០ ខែមីនា ឆ្នាំ ២០២២ ដើម្បីលើកកំពស់សមត្ថភាពចំណេះ ដឹងមន្រ្តីចូលរួមមកពីបណ្តាក្រសួង-ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីយន្តការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំរបស់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (INCB) ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានស្តីអំពីការចរាចរសារធាតុគីមីផ្សំនៅក្នុងតំបន់ និងសកលលោក ៕