ខេត្តកោះកុង ៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបំបែករឿងក្តីដោយឃាត់ខ្លួនជនសង្ស័យ៣នាក់រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ទៀតក្នុងវង់រាំកម្សាន្ត ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក។
នគរបាលស្រុកបូទុមសាគរ បានប្រើពេលវេលា២៨ម៉ោងរហូតដល់ឈានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀកកាំ ដែលមានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនសង្ស័យរូបនេះ និបក្សពួកបានធ្វើសកម្មភាពយកកាំបិតចុងស្រួចវែងចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្តប្រគុំតន្រ្តី និងតាំងពិព័រណ កាលពីយប់ម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមករា កន្លងទៅ។
លោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះថា មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នានៅពេលនេះ ដោយសារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។
បើតាមលោក យេន ទូច អធិការនគរបាលស្រុកបូទុមសាគរ បន្ថែមថា នេះជាករណីឃាតកម្មដំបូងគេហើយដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក ចាប់តាំងពីលោកឡើងកាន់តតំណែងជាអធិការនគរបាលស្រុក។ ទោះបីជាសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងល្បាតរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋយ៉ាងណាក្តី។
លោកអធិការនគបាលស្រុក សង្កត់ធ្ងន់ដែរថា លោកនឹងបន្តអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដាក់វេនប្រចាំការចុះល្បាតនៅតាមគោលដៅសំខាន់ៗ និងផ្សព្វផ្សាយអប់រំគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែខ្លាំងក្លាបន្ថែមទៀត៕