ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៥ឧសភាឆ្នាំ២០២១ កិច្ចប្រជុំមួយដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រជាប្រធានគណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់ និងមន្ត្រីជំនាញសុរិយោដីខេត្តផងនោះដែរ។
ផ្ទៃដីបឹងធម្មជាតិ ចំនួន ៥ ត្រូវគេដឹងថា មន្ត្រីជំនាញដែនដីខេត្ត បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះវាស់វែងរកដីចំណីព្រំ និងការបោះបង្គោលព្រំរួចហើយ នៅសល់តែផ្ទៃដីចំណីបឹងធម្មជាតិ ៣ទៀត ប៉ុណ្ណោះ ក្នុងភូមិសាស្ត្រខេត្ត ដែលកំពុងបន្តយន្តការចុះវាស់វែង ដើម្បីត្រៀមស្នើសុំគណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្តស្ទឹងត្រែង ក្នុងការចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ នាពេលខាងមុខនេះ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោក ម៉ិញ ស៊ីចាយ បានថ្លែងថា នៅរយៈកាលកន្លងមក មន្ត្រីជំនាញដែនដី បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះវាស់វែង និងការបោះបង្គោលព្រំដីចំណីបឹងធម្មជាតិ បាន ៥ទីតាំងរួចហើយ ដែលផ្ទៃដីទាំងនោះ គ្រោងនឹងស្នើសុំគណៈកម្មារការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីចុះបញ្ជីជាដីរដ្ឋ។
លោកបានបន្តថា មន្ត្រីជំនាញដែនដីខេត្ត កំពុងបន្តយន្តការក្នុងការចុះវាស់ផ្ទៃដីបឹង ៣ទៀត ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ដូចជា ផ្ទៃដីបឹងវាលរំពេរិ៍តូច បានវាស់វែងរួចរាល់ បឹងវាលរំពេរិ៍ធំ និងទំនប់អូរខ្លុង កំពុងបន្តនីតិវិធីវាស់វែងបញ្ចប់ និងដាក់ស្នើសុំ គណៈកម្មាការគ្រប់គ្រងដីរដ្ឋខេត្ត ចុះក្នុងបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែងដោយគាំទ្រដល់មន្ត្រីជំនាញដែនដី និងអាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការចុះវាស់វែង កំណត់ព្រំដី និងការស្នើសុំចុះបញ្ជីផ្ទៃដីបឹងធម្មជាតិ ទុកជាទ្រព្យសម្បត្តិរដ្ឋ ហើយមន្ត្រីដែនដី ត្រូវសហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម រួមទាំងអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ត្រូវពន្លឿនក្នុងការចុះវាស់វែង និងកំណត់ព្រំផ្ទៃដីបឹងធម្មជាតិនានា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ឲ្យបានឆាប់បំផុត ដើម្បីចុះបញ្ជីផ្ទៃដីបឹងទាំងនោះ ជាទ្រព្យសម្បត្តិរដ្ឋ។
លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ទៀតថា ការចុះបញ្ជីដីបឹងធម្មជាតិ ជាទ្រព្យសម្បត្តិរដ្ឋ គឺអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សានូវអ្វីដែលជាទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិជាតិ ឲ្យស្ថិតស្ថេរគង់វង្សនៅយូអង្វែង ជៀសវៀងមានការបាត់បង់ដោយការទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ ពីសំណាក់ជនខិលខូច។ លោកអភិបាលខេត្ត បានបញ្ជាក់ថា បឹងធម្មជាតិទាំងអស់ក្នុងភូមិសាស្ត្រខេត្ត នឹងត្រូវវាស់វែង និងបោះបង្គោលកំណត់ព្រំដី ចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ហើយចំពោះប្រជាពលរដ្ឋ ដែលមានដីអាស្រ័យផល ជុំវិញបឹងធម្មជាតិទាំងនោះ (ដីដែលស្ថិតនៅក្នុងព្រំ ដែលបានកំណត់ជាដីផ្ទៃបឹង) នឹងតម្រូវឲ្យធ្វើកិច្ចសន្យាអាស្រ័យផល នៅលើផ្ទៃដីបឹងទាំងនោះ ប៉ុន្តែពុំអាចស្នើចុះបញ្ជីជាដីកម្មសិទ្ធិ ឯកជនបានឡើយ៕