ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការបក្សឃុំពាមមន្ទារ បានរៀបចំពិធីប្រកាសក្រុមការងារភូមិទាំង១១ នៃឃុំពាមមន្ទារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុក កំពង់ត្របែក ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពាមមន្ទារ ព្រមទាំង ឯកឧត្តម លោកជំទាវទីប្រឹក្សា(ក្រសួងមហាផ្ទៃ-សម្តេចក្រឡាហោម) ជាអនុប្រធានក្រុមការងារស្រុកទទួកបន្ទុកចល័ត ទទួលបន្ទុក ឃុំពាមមន្ទារ រួមនិងឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារ ឃុំពាមមន្ទារជាច្រើនរូបផងដែរ ។
បន្ទាប់ពីបានអាននូវសេចក្តីសម្រេចបែងចែកក្រុមការងារទទួលការងារតាមភូមិទាំង១១រួចមក ឯកឧត្តម ខេង សៅវិបុត្ត ប្រធានការងារ ឃុំពាមមន្ទារ ក៏បានមានចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្តចំពោះ គណៈអធិបតី ទាំងអស់ក្នុងអង្គពិធី។ឯកឧត្តមក្រុមការងារបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានក្រុមការងារស្រុកដែលបានអញ្ជើញផ្តល់កិតិ្តយលជាអធិបតីក្នុងពិធីប្រកាសក្រុមការងារនេះ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានគោរពរាយការណ៍ជូនអង្គពិធីថា កន្លងមកក្រុមការងារបានបំពេញភារកិច្ចជាច្រើនរួមមាន កិច្ចការមនុស្សធម៌ សប្បុរសធម៌ ចែកអំណោយ និងចុះសួរសុខ ទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានជាបន្តបន្ទាប់ ហើយអំណោយនិង ថវិកាទាំងនេះគឺជាការរួមចំណែកប្រកបដោយឆន្ទៈស្មោះស្មគ្រ័ក្នុងការចូលរូមចំណែកដែលមិនអាចខ្វះបានរបស់ឯកឧត្តម លោកជំទាវ (ទីប្រឹក្សា-ជំនួយការ) ក្រសួងមហាផ្ទៃ និងសម្តេចក្រឡាហោម រួមនិងអង្គភាពលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការទាំងមូល។ ឯកឧត្តមប្រធានជំនួសមុខឲ្យក្រុមការងារទាំងអស់បានប្តេជ្ញានឹងខិតខំបន្តបំពេញភារៈកិច្ចក្នុងមូលដ្ឋានក៏ដូចជាកិច្ចការនានាជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងបក្សនិងរដ្ឋអោយកាន់តែល្អ មានប្រសិទ្ធភាព និងកាន់តែជោគជ័យបន្ថែមទៀតដើម្បីឈានទៅទទួលជ័យជំនៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ចុងបញ្ចប់ឯកឧត្តមប្រធានក្រុមការងារក៏បានគោរពជូនពរគណៈអធិបតី ក្រុមការងារដែលបានចូលរួមអោយមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។
នៅក្នុងពិធីដ៏វិសេសវិសាលនោះ ឯកឧត្ដម ហាស់ សារ៉េត ប្រធានគណៈអធិបតីបានមានប្រសាសន៍សំណេះ សំណាល ផ្តាំផ្ញើ និងពាំនាំការសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលលោកជានិច្ចកាលតែងតែគិតគ្រប់ពេលទាំងអស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ឯកឧត្តមក៏បានថ្លែងការកោតសរសើរចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពាមមន្ទារជាពិសេសឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី (ទីប្រឹក្សា-ជំនួយការ) ក្រសួងមហាផ្ទៃ និងសម្តេចក្រឡាហោម និងជាអនុប្រធានក្រុមការងារស្រុកកំពង់ត្របែក ប្រធានក្រុមការងារពាមមន្ទារដែលបានខិតខំអនុវត្តបំពេញភារកិច្ចកន្លងមកព្រមទាំងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបាន យ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានធ្វើការក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្តល់សេវាសាធារណ:អោយកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងត្រូវអនុវត្តអោយល្អប្រសើរនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីឆ្ពោះទៅយកឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខ។លើសពីនេះ ឯកឧត្ដមក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋានអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ ព្រមទាំងត្រូវប្រុងប្រយ័ត្នខ្ពស់ថែមទៀត ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
ជាមួយគ្នានោះឯកឧត្តមប្រធានគណៈអធិបតី បានឧបត្ថម្ភអំណោយមួយចំនួនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន ៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖
អង្ករ០១បេ(២៥kg), មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ,
ទឹកសុទ្ធ០១កេស, ព្រមទាំងថវិកា ៤០,០០០៛។
(សរុបជាថវិកា ៥,២៨០,០០០៛)
-ឧបត្ថម្ភថ្នាំពេទ្យចំនួន០៦មុខ ស្មើនឹង១៦កេស ជូនមណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពឃុំពាមមន្ទារ និងមណ្ឌលសុខភាពឃុំអន្សោង ដែលមានតំលៃស្មើនឹង៩,៤៥៥ដុល្លា។
-ឧបត្ថម្ភសំលៀកបំពាក់ឈុតនគរបាលជូនប៉ុស្តិ៍រដ្ឋបាលឃុំ ពាមមន្ទារ ចំនួន ០៥ឈុត ស្មើនឹង៥០០,០០០៛។
-ឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ-ភូមិ =១,០០០,០០០៛។
នៅក្នុងពិធីនោះដែរ ក្រុមប្រឹក្សាភូមិអង្គរអង់តាមរយៈ ក្រុមប្រឹក្សាឃុំពាមមន្ទារបានគោរពស្នើរសុំថវិកាចំនួន ២,៣៧៥,០០០៛ ដើម្បីជួសជុលផ្លូវមួយខ្សែក្នុងភូមិសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។សរុបថវិកាទាំងអស់គិតជាប្រាក់រៀលស្ទើនឹង ៤៦,៩៧៥,០០០៛៕