ព័ត៌មានសន្តិសុខសង្គម

អាល់កុ​ល​​​ក្លែ​ងក្លា​យ​ ​​ជិ​ត​​​៣​​ម៉ឺ​ន​​លី​ត្រ ​​ដា​ក់​ល​ក់​​​នៅ​​ក្នុង ​​រា​ជ​ធា​នី​​​ភ្នំ​ពេញ​ ត្រូ​វ​បា​ន​​​ម​ន្ត្រី​​​ជំ​នា​ញ​​រិ​​​ប​​​អូ​ស​

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យមន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានចុះបង្ក្រាប​អាល់កុល​ក្លែងក្លាយ ។

បន្ទាប់ពី​បាន​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ចំនួន ១ ១៨៦.៥០​លីត្រ ដែល​បាន​ដាក់តាំង​លក់​នៅតាម​បណ្តា​ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ​នានា​។

បន្ទាប់ពី​បាន​រកឃើញ​ការ​ចរាចរណ៍​អាល់កុល​ក្លែងក្លាយ​ទាំងនេះ មន្ត្រី​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ផ្គត់ផ្គង់ និង​ឈានទៅ​កំណត់​ទីតាំង​ឃ្លាំង​ស្តុក​និង​ចែកចាយ​មួយកន្លែង​ដែល​ស្ថិតនៅ​សង្កាត់​ទឹ​ល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ដោយ​ទទួលបាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួល​ផែន​សេដ្ឋកិច្ច អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ខាងលើ ដោយបាន​រកឃើញ អាល់កុល​ក្លែងក្លាយ​ឬ​មេ​តា​ណុល​ចំនួន ៧៥៦​ប៊ីដុង និង​៧៩១​យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត​។ សរុប​អាល់កុល​ក្លែងក្លាយ​ដែល​បង្ក្រាបបាន​នៅថ្ងៃនេះ មាន​ចំនួន​២៨ ៦១២.៥០​លីត្រ ដែលមាន​ទម្ងន់​ប្រមាណ​ជាង​២៨​តោន​។

បច្ចុប្បន្ន អាល់កុល​ក្លែងក្លាយ​ខាងលើ​ត្រូវបាន​ឃាត់​ទុកជា​បណ្តោះអាសន្ន រង់ចាំ​អនុវត្ត​នីតិវិធី​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *