ខេត្តឧត្តរមានជ័យ ៖ មានឧប្បត្តិហេតុបង្កឡើងដោយពលរដ្ឋ និងទាហានឈុតខ្មៅ ទាហានឈុតប៉ារ៉ាថៃ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាក្របី។
ប្រភពព័ត៌មានអោយដឹង នៅថ្ងៃទី៥ ខែកក្កដា ថា ៖ ពលរដ្ឋថៃម្នាក់ប្រើកាយវិការស្ទុះមករកវាយលើបុរសជនជាតិខ្មែរម្នាក់ដែលកំពុងព្យាយាមពន្យល់ទៅកាន់ទាហានថៃដែលឈរជើងរួមគ្នានៅប្រាសាទតាក្របី។ គឺក្រោយពីទាហានថៃ ហាមពលរដ្ឋខ្មែរថតរូបជាមួយនឹងការបង់កក្រមាខ្មែរដែលមានប៉ាកទង់ជាតិកម្ពុជា ពេលទស្សនានៅប្រាសាទតាក្របី។នេះបើតាមហ្វេសបុកពលរដ្ឋខ្មែរម្នាក់ឈ្មោះ Yom Bora នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៥ ។
តមក មាតិការរឿងនេះ ត្រូវបានចែករំលែកដោយពលរដ្ឋកម្ពុជានិងប្រតិកម្មនានាពីអ្នកប្រើប្រាសបណ្តាញសង្គម។ពួកគេបានបញ្ចេញមតិ យោបល់ប្រតិកម្មចម្រុះ ខឹង ស្អប់ រិះគន់ បន្ទោស ហួសចិត្ត…ពោលគឺចាត់ទុកថា ៖ ទង្វើបែបនេះ មិនមែនជារឿងថ្មី ចៃដន្យទេ តែជាចេតនា ការចិញ្ចឹមចិត្ត ការរៀបចំឡើងដោយជនជាតិថៃ ដែលបានបង្ហាញអោយឃើញអោយច្បាស់ក្រឡែតបន្ថែមទៀត នូវភាពគឃ្លើន ធ្វើអ្វីៗតាមតែអំពើចិត្តដោយគ្មានភាពអៀនខ្មាស់នូវសារជាតិពិតនិងពុតត្បុតកាន់តែអាក្រក់ជួរជាតិនិងហេតុផលបង្ករឿងចង់អោយស្ថានភាពជម្លោះព្រំដែនកាន់រឺរីកធំ ហើយតានតឹងឡើង ហើយឈានទៅផ្ទុះអាវុធរបស់ភាគីថៃ ព្រោះថា ជាក់ស្តែងនៅបណ្តោយព្រំដែនកម្ពុជារហូតដល់ប្រាសាទតាមាន់ធំ តាំងពីថ្ងៃទី២៨ ខែឧសភា មក គេឃើញភាគីថៃបាននឹងកំពុងបន្តខិតខំធ្វើសកម្មភាពញុះញង់ អុចអាល បង្ករឿង រំលោភបំពាន។
ក្នុងនោះភ្ញៀវខ្មែរយើងខ្លះបានរិះគន់ថា មិនអោយអ្នកទេសចរខ្មែរថតមានទង់ជាតិកម្ពុជាពេលទស្សនាប្រាសាទ។ ប៉ុន្តែភ្ញៀវជនជាតិថៃបានយកទង់ជាតិចូល ដូចជាមានពាក់អាវទង់ជាតិថៃ ខ្សែរដៃទង់ជាតិថៃចូលពេញប្រាសាទ ។ នេះជារូបភាពដែលស្រង់យក ក្នុងថ្ងៃកើតហេតុទី០៥ ខែកក្កដា ឆ្នាំ២០២៥ តែម្តង មិនមែនមុនក្រោយព្រឹត្តការណីនេះទេ។ហេតុនេះ សំណូមពរទាហាននិងនគរបាលកម្ពុជាយើង មើលចំណុចនេះផង ត្រូវអោយស្មើរភាពគ្នា ។ ហើយយើងគួរកុំស្លូត កុំបណ្តោយអោយភាគីថៃធ្វើអ្វីៗតាមទំនើងចិត្ត ។
ទោះយ៉ាងណា ភាគីកម្ពុជា នៅតែរក្សាភាពចាស់ទុំ អត់ធ្មត់ ខណ:កម្ពុជាបានមានប្រៀបជាងលើច្រើនទិដ្ឋភាពរួចទៅហើយ ។
សូមរំលឹកថា ប្រាសាទតាក្របីមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក កៀកព្រំព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិបុស្បធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់នឹងភូមិសែនមនោរម្យ១ ឃុំគោកមន.ដែលមានចម្ងាយប្រមាណ១២ គ.មភាគខាងកើតប្រាសាទតាមាន់ធំ ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យអោយដឹងថា ៖ ប្រាសាទតាក្របី ត្រូវបានសង់នៅសតវត្សទី១១ ដែលមានចម្លាក់រចនាបថក្រោយ អង្គរ ឬបាយ័ន។ ប្រាសាទនេះ មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត។
ដើមឡើយ ប្រាសាទតាក្របី មានឈ្មោះថា ប្រាសាទដង្វាយ ប៉ុន្តែចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាថា បា្រសាទតាក្របី។
ប៉មប្រាសាទ មានតែមួយ ប៉ុន្តែនៅកណ្តាលតួប៉មប្រាសាទ មានតម្កល់លិង្គរបស់ព្រះសិវៈ។ ប្រាសាទនេះ សាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម នៅជាប់ដីមានគោបុរៈបែរទៅរកទិសទាំងបួន ដែលមានទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ និងមានចម្លាក់ក្នុងប្រាសាទពិពណ៌នាអំពីព្រះយម ទ្រង់ជិះក្របី ៕
