ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ង់ត៍ ៣គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ ករណីបំផ្លាញផ្លូវសាធារណៈថ្មី នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ និងយកទៅរក្សាទុកនូវរថយន្តក្រឡុកស៊ីម៉ង់ត៍ចំនួន ៣គ្រឿង បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានបង្កហេតុឲ្យផ្លូវសាធារណៈដែលទើបស្ថាបនាពេលថ្មីនេះខូចខាត។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល១០និង១៥នាទី ព្រឹក ថ្ងៃទី២០ ខែឧសភា នៅលើផ្លូវលេខ២ ក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំងនេះជាកម្មសិទ្ធិក្រុមហ៊ុនមួយដែលកំពុងបំពេញការងារចាក់បេតុងផ្លូវនៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ការប្រើប្រាស់រថយន្តមានទំងន់ខ្ពស់បានបង្កឲ្យផ្លូវដែលទើបអ៊ុតកៅស៊ូស្ថាបនាថ្មីៗ ខូចខាតយ៉ាងច្រើន។

ការបំផ្លាញនេះត្រូវបានពិពណ៌នាថា ជាសកម្មភាពមិនគោរពនឹងសមិទ្ធផលសាធារណៈ ដែលជាការខិតខំរបស់អាជ្ញាធរខេត្តក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា។ ដូច្នេះ សមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរងចាំការសិក្សាចាត់ចែងបន្ដតាមនីតិវិធីផ្លូវការ។

Leave a Reply

Your email address will not be published. Required fields are marked *