រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា :សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ ។ រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ:។
លោកមានប្រសាសន៍បន្តថា: ដូចជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា(ទម្លាក់យោង) ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ។ ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង ។បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម ។
តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។
លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានបន្តថា: ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។
ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។
ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដចំនួន២ពាន់ដុល្លារ សរអាឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ ។
តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) ។
បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយទៀត) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន៧លានដុល្លារឯណោះ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែលាងរាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន ។
បើមិនអញ្ចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។
ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។
លោកបានបន្តថា : ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ។
ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។
រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមថា : ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណ:ជន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណាយើងបាន ។
ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថា អាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់ ៕