រាជធានីភ្នំពេញ ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតលោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងភាពម្ចាស់ការ ត្រូវតែផ្ដល់អាទិភាពលើការកសាង និងពង្រឹងធនធានមនុស្ស ហើយជាសំខាន់លើវិសយ័អប់រំ។ លោកបណ្ឌិតបញ្ជាក់ថា ព្រោះតែអញ្ចឹងហើយបានជារាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជិត១.០០០លានដុល្លារក្នុងមួយឆ្នាំៗលើវិសយ័អប់រំ ក្នុងនោះប្រមាណ៨០%លើបៀវត្សលោកគ្រូ អ្នកគ្រូនិងបុគ្គលិកអប់រំ។
តាមរយៈវីដេអូថ្លែងក្នុងជំនួបជាមួយលោកគ្រូ អ្នកគ្រូ ដែលបានបង្ហោះនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិតហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៅតាមបណ្ដាក្រសួងស្ថាប័នភាគច្រើនដែលកំពុងបម្រើការងារ គឺបណ្ដុះបណ្ដាលក្រោយឆ្នាំ១៩៧៩ ខណៈអ្នកបណ្ដុះបណ្ដាលមុនឆ្នាំនេះ នៅបន្ដជារាមច្បង។លោកថាការបណ្តុះបណ្តាលធនធានមនុស្សទាំងអស់នោះគឺដោយសារលោកគ្រូ អ្នកគ្រូ។
លោកបណ្ឌិត បានអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេសនោះ គឺគោលនយោបាយលើវិសយ័អប់រំនៅតែជាការងារអទិភាពរបស់គណបក្ស ហើយអ្វីជាសំខាន់នោះគឺការយកចិត្តទុកដាក់ចំពោះលោកគ្រូ អ្នកគ្រូនិងបុគ្គលិកវិសយ័អប់រំ។លោកថាការផ្ដល់អាទិភាពលើការងារនេះដើម្បីមានភាពម្ចាស់ការលើខ្លួនឯង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា អត់មានប្រទេសណា មកដឹកនាំប្រទេសយើង អត់មានប្រទេសណាស្រលាញ់ខ្មែរ ចង់ឲ្យខ្មែររីកចម្រើនល្បឿនលឿន ជាងខ្មែរនោះទេ។ នេះហើយដែលយើងត្រូវម្ចាស់ការខ្លួនឯង ហើយដែលយើងយកចិត្តទុកដាក់លើវិស័យអប់រំ។ លោកថា យើងមិនមែនមានត្រឹមតែជាគោលនយោបាយ នៅលើក្រដាសនោះទេ តែយើងបាននិងកំពង់អនុវត្តជាក់ស្តែង។
លោកបណ្ឌិតបញ្ជាក់ទៀតថា ដរាបណាថវិកាជាតិកាន់តែកើន នោះផលប្រយោជន៍ត្រូវបានផ្ដល់ជូនលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្ស គឺកាន់តែកើនដូចគ្នា ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលគិតគូរលើវិស័យអប់រំយ៉ាងពិតប្រាកដ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដគោលនយោបាយនេះ ដោយធ្វើយ៉ាងណានៅឆ្នាំបន្ដបន្ទាប់ ការចំណាយលើវិស័យអប់រំកាន់តែច្រើន ដើម្បីដាក់ឲ្យចំគោលដៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឲ្យកូនខ្មែរមានសមត្ថភាព ហើយធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។
លោកប្ដេជ្ញាចិត្តថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេសនោះ យើងនឹងបន្ដជំរុញ ហើយវិស័យអប់រំ នៅតែជាវិស័យអាទិភាព និងទទួលបានពីការគាំទ្ររបស់រាជរដ្ឋាភិបាល៕