ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយត្រី ទិត សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនប៉ូលិសសេដ្ឋកិច្ចក្រសួងពីរនាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ធី ញាញ់ អាយុ៣២ឆ្នាំនៅភូមិល្អក់ ឃុំកំពង់ថ្ម ។
ការឃាត់ជនសង្ស័យជាមន្ត្រីប៉ូលិសសេដ្ឋកិច្ច ក្រសួង២នាក់ គឺបានធ្វើឡើងតាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឃាត់ខ្លួនមនុស្ស០៤នាក់ពីបទដាក់កុងត្រូល ជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាវាយនឹងពិល ទះកំភ្លៀង អ៊ុកនឹងជង្គង់ទៅលើប្រជាពលរដ្ឋដឹកឈើ (ក្តារ )ចំនួន០៩សន្លឹកតាមគោយន្តកន្រៃ្តយកមកធ្វើផ្ទះនៅតំបន់អូជ្រៅ ភូមិសាស្ត្រភូមិគន្លងខ្ទីង ឃុំឈើ ទាល ស្រុកសណ្តាន់ បណ្តាលអោយរងរបួសធ្ងន់។
ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន ដែលជនដៃដល់មានឈ្មោះ អ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី២ឈ្មោះ កែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំ ភូមិលេខ២០ ផ្លូវ៦១៤សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនដៃដល់ទាំង២នាក់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលា ការខេត្តកំពង់ធំ។ ចំណែកជនសង្ស័យ២នាក់ទៀត ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះ វ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គី ឃុំឈើទាល និងឈ្មោះ លេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីងឃុំឈើទាល ស្រុកសណ្តាន់ ។ក្រោយពីធ្វើការសាកសួរដោយយល់ឃើញថា ពុំមានការពាក់ព័ន្ឋ សមត្ថកិច្ចបានឲ្យមកផ្ទះវិញ៕