រាជធានីភ្នំពេញ ៖ បច្ចុប្បន្នកម្រិតការយល់ដឹងរបស់ពលរដ្ឋលើវិស័យធានារ៉ាប់រងនៅកម្ពុជាមានភាពល្អប្រសើរពីមួយពេលទៅមួយពេល សាធារណជនគួរទុកចិត្តមកលើវិស័យធានារ៉ាប់រងកម្ពុជា ព្រោះថាក្រុមហ៊ុនដែលជាប្រតិបត្តិករមុនអនុញ្ញាតឱ្យធ្វើអាជីវកម្មធានារ៉ាប់រងនីមួយៗ ត្រូវបំពេញលក្ខខណ្ឌជាច្រើនដើម្បីធានាតុល្យភាពរវាងអ្នកផ្តល់សេវានិងអតិថិជន។
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា សមាគមធានារ៉ាប់រងកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានដោយលើកយកប្រធានបទ«បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ។ចំពោះវាគ្មិនដែលចូលរួមក្នុងវេទិកាពិភាក្សានេះរួមមាន៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា លោក នី លីហួង ប្រធានគណៈកម្មការអប់រំសមាគមធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណជាង៨០នាក់មកពីជាង៤០អង្គភាព។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា នៅឆ្នាំ២០២៤ ការទូទាត់សំណងធានារ៉ាប់រងមានទំហំទឹកប្រាក់ប្រមាណ ៩១លានដុល្លារអាមេរិក ពោលរយៈពេល៥ឆ្នាំចុងក្រោយ វិស័យធានារ៉ាប់រងមានកំណើនប្រមាណជា២១%ក្នុង១ឆ្នាំ។លោកបានបន្តទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន៤០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ។ ក្នុងចំណោមក្រុមហ៊ុនទាំង៤០ មានក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ០១ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ក្រុមហ៊ុន ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ក្រុមហ៊ុន។
ចំណែកលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយិការងនិយ័តករធានារ៉ាប់រងកម្ពុជាក៏បានឱ្យដឹងផងដែរថា បើធៀបនិង១០ឆ្នាំមុន កម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ធមានការប្រែប្រួល បានន័យថាកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ធលែងនៅលើមូលដ្ឋានទៀតហើយ គឺមានការកើនឡើងជាងមុន។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ក្លឹបអ្នកកាសែតកម្ពុជា បានចាប់ផ្ដើមចាប់ដៃជាមួយនិយ័ត្នករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រង និងស្ថាប័នផ្សេងៗដែលជាប់ពាក់ព័ន្ធនៅក្នុងវិស័យធានារ៉ាប់រងនេះ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជាទាំងមូលមានការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងត្រូវមានភាពចាំបាច់ក្នុងការទិញធានារ៉ាប់រងអាយុជីវិតដែរឬទេ?៕