រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីការផ្តល់យោបល់ដល់សម្តេច ឱ្យបង្រួមក្រសួងចំនួន៣ចូលគ្នា រួមមានក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនោះថា មិនចាំបាច់បង្រួមទេ ព្រោះកម្ពុជា ជ្រើសរើសអភិក្រម ពង្រឹងចៀសជាងពង្រីក ដោយគ្រាន់តែឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ប្រកបដោយប្រសិទ្ធភាពល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងនូវយន្តការរបស់បណ្តាប្រទេសជាច្រើន នៅលើពិភពលោក សម្រាប់ការកែទម្រង់មុខងារសាធារណៈ ដែលបណ្តាប្រទេសទាំងនោះ សុទ្ធតែប្រើប្រាស់យន្តការ បង្រួមដើម្បីពង្រឹង តែកម្ពុជា មានម៉ូដែលខុសពីប្រទេសទាំងនោះ ដោយកម្ពុជាជ្រើសរើស គឺពង្រឹងចៀសជាងពង្រីក ហើយមិនបង្រួមដើម្បីពង្រឹងនោះដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះកម្ពុជា ជ្រើសយកអភិក្រមពង្រឹងចៀសជាងពង្រីក គឺទប់ស្កាត់នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួន ដែលមិនទាន់ចាំបាច់ លើកលែងតែអប់រំ សុខាភិបាល និងកសិកម្ម ដែលភាគច្រើនជាផែនការឆ្នាំចាស់ ក្នុងការពង្រីក ដោយឡែកពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនឱ្យពង្រីក លើសពីអ្វីដែលមានស្រាប់។
ក្នុងនោះសម្តេចធិបតី ក៏បង្ហើបនូវការស្នើសុំដំឡើងអគ្គនាយក ដែលភាគច្រើនត្រូវបានសម្តេចបដិសេធមិនឱ្យធ្វើ ប៉ុន្តែករណីមានតម្រូវការចាំបាច់ អាចធ្វើទៅបាន ប៉ុន្តែការបង្កើនថ្មីនេះ ត្រូវមានកាត់កងកន្លែងណាមួយមកវិញ ដោយចាំបាច់បំផុត មិនមែនបង្កើត ដើម្បីបង្កើតទេ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ហើយនេះជាអភិក្រមដែលយើងបានធ្វើនៅក្នុងមួយខែជាងនេះ ហើយក្រសួងមុខងារសាធារណៈរត់ប្រាប់ខ្ញុំរហូត ពីរឿងសតិអារម្មណ៍មន្ត្រី តែខ្ញុំសូមការយល់ដើម្បីយើងរស់ទាំងអស់គ្នា យើងមិនប្រើអភិក្រមបង្រួមដើម្បីពង្រឹងទេ តែយ៉ាងហោចណាស់ យើងត្រូវពង្រឹងជាងពង្រីកនូវអ្វីដែលមានស្រាប់ ធ្វើឱ្យបានល្អ ។ មានអ្នកលើកយោបល់ឱ្យខ្ញុំ ពិសេសពេលដែលខ្ញុំថ្ងៃមុននោះ ចុះទៅខេត្តកំពង់ធំ នាំរដ្ឋមន្ត្រី៣ កសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹក មានអ្នកលើកយោបល់ឱ្យខ្ញុំ សម្តេចបង្រួម៣នឹងជាមួយគ្នាទៅ ខ្ញុំថាឥឡូវរបៀបរបបកម្ពុជាផ្សេង យើងរក្សានិងពង្រឹង៣នេះ សម្រួលភារកិច្ចឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ឱ្យប្រសិទ្ធភាពល្អ រួមគ្នាធ្វើទៅ យើងអត់យកដូចខ្ញុំនិយាយ ដូចប្រទេសប៉ុន្មានដែលលើក បង្រួមដើម្បីពង្រឹង តែយើងត្រូវមានអភិក្រមមួយ ដែលតាមរបៀបយើង ប៉ុន្តែយើងត្រូវធ្វើ មិនធំ តែយើងត្រូវហ៊ានទទួលខុសត្រូវ យើងត្រូវកែសម្រួល»៕ប្រភពអាកាប៉េ