ខេត្តកោះកុង ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ នគរបាល ខេត្តកោះកុង បានឃាត់ខ្លួន ក្រុមក្មេង ទំនើងមួយ ក្រុមដែលតែងតែបង្កចលាចលនៅក្នុងក្រុងខេមរភូមិន្ទ ។
ប្រភពពីសមត្ថកិច្ចខេត្តកោះកុង បានឲ្យដឹងថា មុខសញ្ញាសង្ស័យខាងលើធ្វើសកម្មភាពបំរុងយកដុំថ្មនិងកាំបិតប្រើអំពើហឹង្សា ទៅលើឈ្មោះណាវ សារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស អាស័យដ្ឋាននៅភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅចំណុចមាត់សមុទ្រ ស្ថិតក្នុងភូមិ១ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ប៉ុន្តែមិនទាន់បង្កឲ្យមានរបួសស្នាមនៅឡើយទេ ត្រូវបានកងកម្លាំងយើងទប់ស្កាត់ទាន់ពេល ពួកគេរត់គេចខ្លួន ទើបតែនៅល្ងាចថ្ងៃទី០៥ មេសា ទើបឃាត់ខ្លួនពួកគេបាន។
ក្រុមក្មេងទំនើងទាំង៥នាក់ ដែលត្រូវឃាត់ខ្លួននោះរួមមាន ៖ ទី១-ឈ្មោះ ធន់ វុធថា ហៅ ថុន វុត្ថា ហ៊ូវ វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជាអ្នកកាន់កាំបិតផ្គាក់។ ទី២-ឈ្មោះ រឹម ថាវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង អ្នកបើកម៉ូតូ ចូលរួមធ្វើសកម្មភាព។ ទី៣-ឈ្មោះ កូន សើគីរីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។ ៤-ឈ្មោះ រឿន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលគគីរ ឃុំទួលគគឺរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នកកាន់កាំបិតតាំងតោ។ ទី៥-ឈ្មោះ ធឿន ប៊ុនថាំ ហៅអាប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាអ្នកបើកម៉ូតូចូលរួមធ្វើសកម្មភាព។ មូលហេតុដោយសារពួកគេទាំង ៥ នាក់ ទៅសុំបារីជក់ពីជនរងគ្រោះ តែជនរងគ្រោះឆ្លើយថាគ្មាន ហើយពួកគេខឹង។
ករណីខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕