សហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA បានរៀបចំកិច្ចប្រជុំមួយរវាងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានថៃ ដោយមានគោលបំណងរួមក្នុងការលើកស្ទួយស្ដង់ដារផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ ដោយមានលោកបណ្ឌិតសាស្រ្តាចារ្យ ប្រាសិត សែងរុងរឿង អគ្គលេខាធិការ លោកបណ្ឌិតសាស្រ្តាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការរងសហព័ន្ឋប្រពន្ធ័ផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា រួមទាំងអ្នកសារព័ត៌មានក្នុងស្រុកថែ ខ្មែរ ជាង50នាក់ចូលរួមក្នុងកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2025 នៅស្រុកអារ័ញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងគឺដើម្បីបង្រួបបង្រួមក្រុមប្រព័ន្ធផ្សព្វផ្សាយទាំងនេះឱ្យធ្វើការរួមគ្នាកាត់បន្ថយជម្លោះ និងពង្រឹងទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក និងផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃព័ត៌មាន ដែលគ្មានការប្រឌិត គ្មានការញុះញង់ និងគ្មានការអុចអាល គ្មានការរើសអើងពូជសាសន៏ ដែលអាចបង្កជាការយល់ច្រឡំ និងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។
លោក ប្រូយ សម្បត្តិ អ្នកសារព័ត៌មានថៃនិងជាអគ្គលេខាធិការរងប្រចាំប្រទេសថៃ បញ្ជាក់ថា ក្នុងនាមយើងជាសារព័ត៌មាន យើងត្រូវរួមគ្នាអ្នកសារព័ត៌មានប្រទេសទាំងពីរ ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍គ្នា អំពីការធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យមានវិជ្ជាជីវៈ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជន និងអភិវឌ្ឍការសហការផ្នែកព័ត៌មាននៅក្នុងតំបន់អាស៊ាន កាត់បន្ថយជម្លោះ នាំមកនូវសេចក្តីសុខសាន្តដល់ពលរដ្ឋទាំងពីរ។
លោក សុខ សុវណ្ណ បានឲ្យដឹងពីគោលបំំណងនូវកិច្ចប្រជុំនេះថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន បានដើរតួនាទីដ៏សំខាន់ ក្នុងការពាំនាំព័ត៌មាន សន្តិភាពជូនដល់ប្រជាជនទាំងពីរ និងជាការលុបបំបាត់នូវព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ដែលមានលក្ខណៈញុះញង់ អុចអាល ប្រឌិត ធ្វើឲ្យប្រជាជនយល់ខុស មិនតែប៉ុណ្ណោះរឹតតែបង្កើនភាពតានតឹង ដល់សភាពការណ៍ព្រំដែនកម្ពុជា ថៃ។
លោក ប្រាសិត សែងរុងរឿង មានប្រសាសន៍បន្តថា យើងគឺជាអ្នកសារព័ត៌មាន មានតួនាទីដ៏សំខាន់ក្នុងការចូលរួមនាំព័ត៌មានដែលមានភាពសុក្រិដ្ឋ ការផ្សាយព័ត៌មានយ៉ាងប្រុងប្រយ័ត្ន និងផ្អែកលើការពិត ដោយគ្មានការញុះញង់ ឬលាតត្រដាងអារម្មណ៍អយុត្តិធម៌ គឺជាវិធីសាស្រ្តមួយសំខាន់ដែលអាចជួយបន្ថយភាពតានតឹង និងជះអទិភាពលើការស្ដារឡើងវិញនៃសន្តិភាព បើអ្នកសារព័ត៌មានអនុវត្តន៍ត្រឹមត្រូវនូវគោលការណ៍ចម្បងនៃសារព័ត៌មាន ដូចជាភាពឯករាជ្យ ការត្រួតពិនិត្យប្រភពព័ត៌មាន និងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់លើសង្គម ជាគន្លឹះសំខាន់មួយក្នុងការពន្លត់ភ្លើងសង្គ្រាម និងបង្កើនសន្តិភាពរវាងប្រទេស។
ជាពិសេស អ្នកសារព័ត៌មានកម្ពុជា និងថៃ បានបញ្ជាក់ចលនាចិត្តរួមគ្នា ក្នុងការជំរុញឲ្យមានសន្តិភាព ការយល់ច្បាស់ និងការបង្កើតស្មារតីមិត្តភាពរវាងប្រជាជនទាំងពីរប្រទេស តាមរយៈការផ្សព្វផ្សាយព័ត៌មានយ៉ាងប្រក្រតី និងមានភាពជាប់ទាក់ទងនឹងការពិត។ហើយស្មារតីអង្គប្រជុំ បានស្នើអ្នកសារព័ត៌មានពោលគឺសូមចូលរួមធ្វើអោយប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ឱ្យធ្វើការរួមគ្នាកាត់បន្ថយជម្លោះ រំលួសបង្រួមទំនាស់ ជម្រុញអោយរបោះបង់ចោលផ្នត់គំនិតចង្អៀតចង្អល់និយម ជាតិនិយមជ្រុលនិងទុទិដ្ឋិនិយម កុំបង្កការញុះញង់ ដុតអោយខ្លោចរោចអោយឆៅ ហើយបង្កការភ័ន្តច្រឡំ នាំអោយបាត់បង់ការទុកចិត្តគ្នា កុំអោយមើលឃើញតែគុណវិបត្តិគ្នា បំភ្លេចគុណសម្បត្តិនិងអំពើល្អរវាងគ្នាកន្លងមក.។
សូមអោយងាកមកពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព មេត្រីភាពនិងជម្រុញការអភិវឌ្ឍន៍ល្អជាមួយគ្នាឡើងវិញ៕ប្រភពយូម៉ាធីវអនឡាយ