ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ណែនាំដល់ អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ ព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ជាប្រយោជន៍ ដល់សង្គមជាតិ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ត្រឹមត្រូវ មិនលំអៀង និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ។

ការណែនាំបែបនេះ របស់ឯកឧត្តម ស សុខា បានធ្វើឡើនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសន្និបាតស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នាសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏បានរងនូវផលប៉ះពាល់ដោយសារតែព័ត៌មានក្លែងក្លាយជាច្រើន រួមទាំងបណ្តាប្រទេសនានាជាដើម។ ត្រង់ចំណុចនេះសូមអ្នកសារព័ត៌មានទាំងអស់ ត្រូវមានភាពយល់ដឹងពីរបៀបនៃការសរសេរព័ត៌មាន។

ឯកឧត្តម ស សុខា បានបន្តថា សម្រាប់កម្ពុជាវិញ គឺមិនរាជរដ្ឋាភិបាលមិនបានបិទសិទ្ធិសេរីភាពការបញ្ចេញមតិ និងការផ្សព្វផ្សាយព័ត៌មានោះទេ ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ បើប្រៀបធៀបនឹងប្រទេសដទៃ ខណៈបច្ចុប្បន្ននេះ មានសមាគម រួមនឹងអង្គការសង្គមស៉ីវិលពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន មានមិនក្រោម ៥០០០អង្គការ សមាគម ដែលបានចុះឈ្មោះក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ស សុខា បានបន្ថែមថា «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមជាតិ, ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ អ្នកសារព័ត៌មាន គឺជាចលករមួយក្នុងការអភិវឌ្ឍប្រទេសជាតិ និងរក្សាសុខសន្តិភាព ហើយប្រជាពលរដ្ឋ យុវជន ត្រូវមានចិត្តគំនិតរួមតែមួយ បើម្នាក់ទៅឆ្វេង ម្នាក់ទៅស្តាំមានការចង់បានផ្សេងគ្នានោះប្រទេសជាតិនឹងមានការបែកបាក់ ខ្ញុំនិយាយនេះ គឺដោយសារតែមើលឃើញនូវប្រវិត្តសាស្ត្រដែលកម្ពុជា ធ្លាប់បានជួបសង្គ្រាមរាប់ទសវត្សរ៍មកហើយ។ ដូច្នេះ តម្រូវការព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមិនលំអៀង»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ស សុខា បានលើកឡើងថា ពាក្យស្លោកមួយឃ្លាថា «រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិត័ត៌មានព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្សជាតិទាំងមូល» ដែលឃ្លានេះរឹតតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកសារព័ត៌មានក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។

ឯកឧត្តម ស សុខា បានក្រើនរំលឹកបន្ថែមដល់អ្នកសារព័ត៌មាន ត្រូវខិតខំសិក្សាដោយផ្តោតសំខាន់ទៅលើប្រព័ន្ធឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យស្របទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥ រាជរដ្ឋាភិបាល។ ជាពិសេសឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមដែលអាចកើតឡើងនាពេលអនាគតដែលយើងមិនអាចប៉ាន់ស្មានបាន៕ដកស្រង់ពីវិមាន៧មករា

Leave a Reply

Your email address will not be published. Required fields are marked *