រាជធានីភ្នំពេញ ៖ វាមិនធម្មតាទេដែលប្រទេសកម្ពុជាមាមានសំរាមប្រមាណជាង 1 ម៉ឺនតោនក្នុងមួយថ្ងៃ។ ហើយវារឹតតែពិបាកទៅទៀតក្នុងការទុកដាក់ឬគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ កំណើនសំរាមនិងការទុកដាក់មិនបានត្រឹមត្រូវ បាននឹងកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវៈចម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ ដែលទាមទារឲ្យប្រជាពលរដ្ឋត្រូវផ្លាស់ប្ដូរឥរិយាបថក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលពាសវាលពាសកាល។ ការទុកដាក់សំរាមត្រឹមត្រូវផ្ដល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសិក្ខាសិលាស្ដីពី បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដែលបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រង់សំណល់រឹងនៃក្រសួងបរិស្ថានបានឲ្យដឹងថា នៅកម្ពុជា សំរាមប្រមាណ៤លានតោន ត្រូវបានបង្កើតជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងចំណោមសំរាមទាំងនេះមានប្រមាណមានតែ៦៥ភាគរយប៉ុណ្ណោះ បានទៅដល់ទីលានចាក់សំរាម ចំណែក៣៥ភាគរយផ្សេងទៀត ត្រូវបានបោះចោលយ៉ាងអាណាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម។
លោក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ បានបញ្ចេញលុយ ៥លានដុល្លារ ជំនួសប្រជាពលរដ្ឋលើថ្លៃប្រមូលសំរាម។
គួរជម្រាបថា កម្ពុជាបច្ចុប្បន្នមានទីលានចាក់សំរាមតែ ២១៣កន្លែង ប៉ុណ្ណោះ ខណៈស្រុកនិងក្រុងមួយចំនួនទៀត នៅពុំទាន់មានទីលានចាក់សំរាមនៅឡើយ ដែលធ្វើឱ្យស្ថានភាពគ្រប់គ្រងសំរាមនៅតាមទីក្រុង និងស្រុក នៅពុំទាន់មានភាពល្អប្រសើរ។ ចំពោះការកើនឡើងនៃសំរាម កើនឡើងដោយមូលហេតុបីយ៉ាងគឺ កំណើនប្រជាជន កំណើនសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ។
លោកស្រី រឿង សុរ៉ាន្នី អនុប្រធានគំរោងអនាគតបៃតងកម្ពុជា ឧបត្ថម្ភដោយទីភ្នាកងារ’ USAID បានលើកឡើងថា សំរាមមិនមែនជាបន្ទុករបស់អ្នកណាមួយទេ គឺជាបន្ទុករបស់យើងទាំងអស់គ្នា។
ការផ្សព្វផ្សាយ អប់រំ ស្តីអំពីការបញ្ឍប់រាល់ការចោលសំរាមមិនត្រឹមត្រូវ ផ្តើមចេញពីយើងម្នាក់ៗគ្រប់ៗគ្នា ជាពិសេសយុវជន និងប្រព័ន្ធផ្សពផ្សាយ៕