រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ពានអាកាសទាំងពីរនោះ មួយថិតនៅចំណុចផ្លូវប្រសព្វ៦០ម៉ែត្រត្រង់មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនី វង្ស ជាមួយនឹងវិថីកងយោធពលខេមរ ភូមិន្ទ(ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ (ច្រមុះជ្រូកក្បាលថ្នល់) និង មួយទៀតថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហា វិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ។
នៅក្នុងសុន្ទរកថាស្វាគមន៍និងរបាយការណ៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ: អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥,០០០ ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥, ០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការ សាងសង់ស្ពានអាកាសទាំងពីរនេះដែរ ដោយស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរ ភូមិន្ទ (ផ្លូវលេខ២៧១ ) មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ចំពោះស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤) ជាស្ពានអាកាសទ្វេទិស ដែលមានពីរគន្លងទៅ និងពីរគន្លងមក។ បណ្តោយស្ពានសរុបមានប្រវែង ៥១៦ម៉ែត្រ ទទឹងតួស្ពាន មានទំហំ ១៥.៨០ម៉ែត្រ។ ក្នុងនោះបណ្តោយស្ពាន មានប្រវែង ២៣៥ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានខាងកើត មានប្រវែង ១៤០ម៉ែត្រ និងផ្លូវតភ្ជាប់ក្បាលស្ពានលិច មានប្រវែង ១៤១ម៉ែត្រ។ នៅខាងក្រោមស្ពានមានផ្លូវសងខាង ស្របតាមមហាវិថីសហព័ន្ធរុស្ស៉ី ដែលជាចំណុចប្រសព្វជាមួយមហាវិថីសម្តចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវ២០០៤)និងផ្លូវលេខ២០១១ ៕