ខេត្តកំពង់ឆ្នាំង ៖ លោក ចាន់ តារ៉ា អនុសេនីយ៍ឯក (ស័ក្ត៣) បានបម្រើការងារអស់រយៈពេល៣៣ ឆ្នាំ តាំងពីឆ្នាំ១៩៨៩ មានជីវភាពក្នុងជីវភាពលំបាក មានកូន៧នាក់ មានទីលំនៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស បច្ចុប្បន្នជានាយរងផ្នែកចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកបំពេញភារកិច្ចតាមដងផ្លូវ ខណៈដោយមានអាការៈវិលមុខខ្យល់គរ បណ្ដាលឲ្យគាត់ជិះម៉ូតូទៅបុកម៉ូតូម្នាក់ទៀតដែលជិះខាងមុខ បានដួលលើផ្លូវ បណ្តាលអោយរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍បានកើតកាលពីថ្ងៃទី១៧ ខែ ៣ ឆ្នាំ២០២២ វេលាម៉ោង ២ រសៀល នៅចំណុចឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសង្គ្រោះបន្ទាន់។ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យខេត្ត។
ដោយមានការអាណិតអាសូរ ចំពោះមន្ត្រីនគរបាល ចាន់ តារ៉ា ដែលបានបម្រើការងារជានគរបាល ៣៣ឆ្នាំ ក្នុងជីវភាពក្រីក្រ លោក ចាន់ សារិទ្ធ ដែលជាវីរសេនីយ៍ទោ និងជានាយការិយាល័យផ្លូវទឹក នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវចំពោះមិត្តភក្កិរួមជំនាន់នៃសាលាបឋមសិក្សា វត្តព្រះពុទ្ធមានបុណ្យនៅភ្នំពេញ រួមទាំងឯកឧត្តម លោកឧកញ្ញា លោកជំទាវ អស់លោក លោកស្រី ជាច្រើនរូបទៀត បានរួមគ្នាដើម្បីរៃអង្គាសថវិការបានចំនួន (៨៤០ ០០០ រៀល និង ៥០៥ ដុល្លារ) ដើម្បីផ្ដល់ជូនដល់មន្ត្រីនគរបាលរូបនោះ សម្រាប់ធ្វើការដោះស្រាយការចំណាយផ្សេងៗ ខណៈដែលលោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ភរិយារបស់លោក ចាន់ តារា សូមថ្លែងទាំងទឹកភ្នែក អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានរៃអង្គាសប្រមូលថវិកា ជូនដល់ក្រុមគ្រួសារគាត់ដែលកំពុងតែមានការខ្វះខាត និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ ជួបតែពុទ្ធពរ ៤ ប្រការ អាយុ: វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕