ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង ២១និង៥៥នាទីយប់ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង គេឃើញរថយន្តសាំយ៉ុង០១គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈកំពុងចរាចរណ៍នៅតាមដងផ្លូវ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឲ្យឆេះរថយន្ត០១គ្រឿងទាំងស្រុង ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C.0227 ដែលមានម្ចាស់ឈ្មោះ ទឹម សំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
បើតាមការលើកឡើងពីម្ចាស់រថយន្ត លោក ទឹម សំ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើកបររថយន្តតែម្នាក់ឯងគោលដៅពីខេត្តប៉ៃលិនសំដៅឆ្ពោះមកផ្ទះក្នុងស្រុកកំរៀង នៃខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែឆ្លងប្រព័ន្ធខ្សែភ្លើងបណ្តាលអោយឆេះឡើងហើយខ្លួនក៏បើកទ្វាររថយន្តហក់ចុះតែម្តង។
នៅក្នុងហេតុការណ៍ឆេះរថយន្តនេះផងដែរភ្លាមៗនោះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។