ខេត្តកណ្តាល ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ អភិបាលរងខេត្តកណ្តាលលោកណុប ដារ៉ា បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនិងផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី នៅការដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការផ្អាកអាជីវកម្មជីកដីខ្សាច់ខាងលើជាបណ្តោះអាសន្មដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតិអោយធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសុពលភាព។
លោកក៏បានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មីឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។
សូមជម្រាបថា រណ្តៅដីទាំង២ខាងលើគឺទី១ របស់ឈ្មោះ ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណះចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។។
ចំណែករណ្តៅដីទី២ របស់ឈ្មោះ ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រការ៉េ ដែលមានជម្រៅ៨,៣៤ម៉ែត្រហើយក្រុមការងារបានវាស់វែងជាក់ស្តែងរកឃើញថារណ្តៅនេះគឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ និងអាជ្ញាប័ណ្ណហួសសុពលភាព៕