រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំ Video Conference ជាមួយលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) លោកអភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១.៤០០នាក់ ដោយកំណត់យកមណ្ឌលព្យាបាលកូវីដ១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសង្គ្រោះបន្ទាន់ មានចំនួន ៨៨គ្រែផងដែរ។
តាមលោកអភិបាល គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងថ្មី ប្រភេទ Delta មានចំនួន ១១១ នាក់ ដោយបែងចែកជា ៣ ករណី ក្នុងនោះ ករណីនាំចូលដែលរកឃើញលើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញ Delta នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញ Delta នៅក្នុងសហគមន៍ផងដែរ៕