អន្តរជាតិ៖ អាជ្ញាធរទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បាននិយាយថា កំទេចកំទីនៃគ្រាប់មីស៊ីល ធ្លាក់ក្នុងសង្កាត់ចំនួន ៣ នៃរដ្ឋធានី ក្នុងអំឡុងការស្ទាក់ចាប់ ក្រោយមានការវាយប្រហារពីរុស្ស៊ី។
លោក Serhiy Popko ប្រមុខរដ្ឋបាលយោធាទីក្រុង បានលើកឡើង ដោយដកស្រង់ការវាយតម្លៃបឋមថា មិនមានការខូចខាត ឬរបួសធ្ងន់ធ្ងរណាមួយត្រូវកត់សម្គាល់ទេ បន្ទាប់ពីការវាយប្រហារដែលរុស្ស៊ី ប្រើមីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង ។
ទន្ទឹមនោះ រដ្ឋបាលរបស់លោក Popko ក៏បានឲ្យដឹងថា កំទេចកំទីមីស៊ីលទាំងនោះហោះទៅប៉ះដំបូលអគារលំនៅដ្ឋានច្រើនជាន់មួយ នៅក្នុងសង្កាត់ Solomianskyi ភាគខាងលិចទីក្រុង ។
កំទេចកំទីមីស៊ីលក៏បានធ្លាក់ទៅលើតំបន់មួយក្នុងសង្កាត់ Shevchenkivskyi កណ្តាល និងធ្វើឱ្យខូចខាតដំបូលរថយន្តនៅក្នុងស្រុក ភាគខាងត្បូងនៃទីក្រុង Holosiivskyi ផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ី បានធ្វើការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយលើអ៊ុយក្រែន ជារឿយៗ ចាប់តាំងពីសង្គ្រាម កាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក ៕