អន្តរជាតិ ៖ ក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បានអះអាងថា ខ្លួនបានចាប់ផ្តើមការវាយប្រហារដ៏ធំលើអ៊ីស្រាអែល។ ក្រុម Hezbollah បានប្រកាសពីការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតជាង ៣២០ គ្រាប់ប្រឆាំងនឹងមូលដ្ឋានអ៊ីស្រាអែល និងគោលដៅយោធាផ្សេងៗជាច្រើនទៀត។ ក្រុមនេះបានពន្យល់ថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Beirut កាលពីខែកក្កដា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសពី ស្ថានភាពពិសេសដោយអំពាវនាវឱ្យអ្នកស្រុកអនុវត្តតាមការណែនាំពីអាជ្ញាធរ។ អាកាសយានដ្ឋានអន្តរជាតិនៅជិតទីក្រុងពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល Tel Aviv ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។
យោធាអ៊ីស្រាអែលបានប្រកាសមុននេះថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡា ដោយលើកឡើងពីសញ្ញាខ្លះៗ នៃការត្រៀមរៀបចំសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ។ អ្នកនាំពាក្យរបស់ខ្លួន លោក Daniel Hagari បាននិយាយថា យោធាបានកំណត់អត្តសញ្ញាណក្រុមហេសបូឡា រៀបចំបាញ់មីស៊ីល និងគ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។ លោកបានបន្ថែមថា ខ្លួនកំពុងវាយប្រហារគោលដៅក្នុងប្រទេសលីបង់ ក្នុងទង្វើការពារខ្លួនដើម្បីលុបបំបាត់ការគំរាមកំហែងទាំងនេះជាបន្តបន្ទាប់ហើយដែរ៕