ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា អ្នកជំនាញបច្ចេកទេសនឹងឆែកមើលព័ត៌មានក្នុងប្រអប់ខ្មៅ (Black Box) ដើម្បីដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនៅតំបន់ភ្នំយ៉ាវយ៉ៃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី១៨ថ្ងៃមុននោះ ពោលគឺតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ចំពោះប្រអប់ខ្មៅ (Black Box) និងគ្រឿងសំខាន់ៗ នឹងត្រូវនាំយកមកផងដែរ ព្រោះព័ត៌មានផ្សេងៗនឹងត្រូវបានបញ្ជាក់ច្បាស់តាមរយៈប្រអប់ខ្មៅនេះ។ចំណែកតួយន្តហោះទាំងមូល ប្រសិនបើថ្នាក់លើអនុញ្ញាតឱ្យយកចេញ ក៏ត្រូវចាំពេលវេលាសមស្រប អាកាសធាតុអំណោយផល ធានាសុវត្ថិភាព នឹងយកចេញវិញ ប៉ុន្តែអំឡុងពេលនេះមិនទាន់អាចយកចេញបានទេ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់ច្រើន ពិសេសខ្យល់បោកបក់ខ្លាំង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ធ្លាក់ឧត្ថម្ភាគចក្រ១គ្រឿង និងអាកាសយានិក២នាក់របស់កងទ័ពជើងអាកាស បានកើតឡើងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលហោះហើរហ្វឹកហ្វឺនពីមូលដ្ឋានហ្វឹកហ្វឺននៅភ្នំពេញ ឆ្ពោះទៅកាន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់កន្លែងបាត់ដានរលកសញ្ញានោះ គឺមានចម្ងាយប្រមាណ១៥៦គីឡូម៉ែត្រ។ គិតមកដល់ថ្ងៃ៣០ ខែកក្កដានេះ គឺមានរយៈពេល១៨ថ្ងៃហើយ។ ព្រឹត្តិការណ៏ដីសោកសង្រេងនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការរំជួលចិត្តនិងអាណិតអាសូរយ៉ាងខ្លាំង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងទៀតថា សពអាកាសយានិក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញនាវេលាម៉ោង៤៖១០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា គឺបានពលីនៅជាប់នឹងកៅអីយន្តហោះតែម្ដង និងសពអាកាសយានិក ស៊ុន ផល្លា ត្រូវបានរកឃើញនៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ដែលពលីនៅចម្ងាយ២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ខណៈពេលនេះ កងកម្លាំងរុករកបានវិចខ្ចប់យកសពអាកាសយានិកទាំង២រូប នាំយកទៅកន្លែងដែលឧត្ថម្ភាគចក្រអាចចុះបាន ដើម្បីដឹកបន្តតាមឧត្ថម្ភាគចក្រយកមកទីគណៈបញ្ជាការរុករក មុននឹងបញ្ជូនទៅភ្នំពេញ ដើម្បីពិធីបុណ្យសពតាមប្រពៃណី៕
គួរជម្រាបថា ប្រអប់ខ្មៅ (Black Box) គឺជាឧបករណ៍អេឡិចត្រូនិកមួយដែលផ្ទុកនៅក្នុងយន្តហោះសម្រាប់កត់ត្រានូវព័ត៌មានសំខាន់ៗ ដែលអាចជួយសម្រួលដល់ការងារស៊ើបអង្កេតជុំវិញគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗនៃការធ្វើដំណើរតាមផ្លូវអាកាស។ ដ្បិតគេស្គាល់ថាជាប្រអប់ខ្មៅ ប៉ុន្តែតាមពិតទៅរូបរាងរបស់វាមានពណ៌ទឹកក្រូចទៅវិញទេ ដើម្បីងាយស្រួលក្នុងការស្វែងរក ក្រោយករណីគ្រោះថ្នាក់ធ្លាក់យន្តហោះកើតឡើង ៕