ខេត្តកោះកុង ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងថ្មីខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងមានប្រសាសន៏ថា តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ប្រទេសទាំង៣បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ សុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
លោកជំទាវ មិថុនា ភូថង បានប្រកាសគាំទ្រពេញទំហឹងចំពោះការថ្លែងសារពិសេសរបស់សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ដោយលោកជំទាវ ថ្កោលទោសចំពោះការញុះញង់បង្កចលាចលសំដៅបំផ្លាញសមិទ្ធផលប្រទេសជាតិ។
លោកជំទាវ បានចាត់ទុកមានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះគម្រោងនេះជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។
ក្នុងនាមអភិបាលខេត្ត លោកជំទាវមិថុនា ភូថង ប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការចំពោះការញុះញង់បង្កចលាចលសំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍន៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួមគាំទ្រយ៉ាងពេញទំហឹងការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។
ទាក់ទននឹងបញ្ហានេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានរំលេចផងដែរថា សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានបកស្រាយច្បាស់លាស់អស់ហើយទៅកាន់មហាជនគ្រប់ស្រទាប់វណ្ណៈ អំពីការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម នេះឡើង។
ដូច្នេះលោកជឿជាក់ថា គ្រប់ប្រជាជាតិខ្មែរ នឹងយល់ថាពីបំណងរបស់សម្តេចតេជោ ដែលចង់ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈកិច្ចសហប្រតិបត្តិដែលមានខ្លឹមសារគ្រឹះសំខាន់ៗ ពុំមែនដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួននោះទេ។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពន្យល់ទៀតថា «គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៥ ខែសីហា ខាងមុខ គឺសុទ្ធសឹងតែបម្រើប្រយោជន៍ជូនប្រទេសជាតិ ដោយមិនចាំបាច់ចំណាយថ្លៃដឹកជញ្ជូនតាមផ្លូវគោក ឬខ្ចីដកដង្ហើមប្រទេសជិតខាងដកដូចពេលនេះឡើយ។ ការពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធប្រទេសដ៏ទៃមិនងាយស្រួលនោះទេ ប្រសិនបើពេលណាគេមិនសប្បាយចិត្តនឹងប្រទេសយើង គេនឹងបិទច្រកសេដ្ឋកិច្ចពាណិជ្ជកម្មរបស់យើងពេលណាក៏បានដែរ»៕