រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ៖ «គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»ដោយមានអ្នកសារព័ត៌មានជាសមាជិកក្លិបអ្នកកាសែតកម្ពុជាចូលរួម។
វេទិកាពិភាក្សា បានលើកឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដោយមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាវាគ្មិនកិត្តិយស។
លោក ពុយ គា ប្រធានក្លិបអ្នកសែតកម្ពុជា មានប្រសាសន៏ថា វេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែងយល់អំពីស្ថានភាពបញ្ហាគ្រឿងញៀននោះទេ ប៉ុន្តែក៏នឹងទទួលបាននូវចំណេះដឹងទាក់ទងគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំខាន់នីតិវិធីនៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ពិសេសផ្ដោតលើការដាក់ចេញផែនការយុទ្ធសាស្ដ្រ សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជា។
មួយវីញទៀត អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន កំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជាលេខ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសង្កត់ធ្ងន់ថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តែងតែធ្វើការក្រើនរំលឹកជាប្រចាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។
ទន្ទឹមនោះដែ រនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ការធ្វើតេស្ដរហ័សរកសារធាតុញៀនលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សម្រេចបានជាង៩ម៉ឺននាក់ ក្នុងនោះរកឃើញមានចំនួន៩៧នាក់ មានសារធាតុញៀនក្នុងខ្លួន។នាយឧត្តមសេនីយ៍បានអះអាងថា មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំង៩៧នាក់ដែលវិជ្ជមានសារធាតុញៀន ក្នុងចំណោមអ្នកធ្វើតេស្ដសរុប៩៩,៣០០នាក់នោះ បានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន៨៩នាក់ ៧នាក់កំពុងបន្ដនីតិវិធី និងម្នាក់ទៀតកំពុងបន្ដតាមដាន។នាយឧត្តមសេនីយ៍ថា ចំនួនរកឃើញមន្ត្រីប្រើប្រាស់គ្រឿងញៀននេះ ក្នុងតួលេខទាបបំផុត គឺ១០០០នាក់ មានតែម្នាក់ប៉ុណ្ណោះ។
ដោយឡែក សម្រាប់ប្រតិបត្តិការបង្ក្រាបកាលពីពេលកន្លងទៅ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហើបថា ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីរាជការសាធារណៈផងដែរ ខណៈអ្នកដែលមានការពាក់ព័ន្ធ ត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅតាមផ្លូវច្បាប់ជាធរមាន ដោយមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឲ្យបានឡើយ៕