ខេត្តកំពង់ឆ្នាំង៖ ចោរជំនាញសកម្មខាងចូលគាស់សោរ ដោយប្រើឧបករណ៍បំពង់ហ្គាស់ និងក្បាលបាញ់បំបែកគ្រាប់សោរ ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈនេះអស់លក្ខ ជាប់អន្ទាក់សមត្ថកិច្ចស្រុកកំពង់ត្រឡាចស្រាវជ្រាវឃាត់ខ្លួនបានហើយ។ការឃាត់ខ្លួននេះនៅម៉ោងប្រមាណ៣និង៣០នាទីទាបភ្លឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុច វិហារធំច្រករមៀត ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពសមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថាជនសង្ស័យឈ្មោះ ឡេះ ហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ជនរងគ្រោះឈ្មោះចែម ស៊ីណៃ អាយុ៣៧ឆ្នាំ រស់នៅភូមិជ័យមុនី ឃុំគោកគួនកើត ស្រុកសញ្ជ្រៀច ខេត្តព្រៃវែង និងឈ្មោះសុខ ចាន់ធី អាយុ៤០ រស់នៅភូមិក្រសាំងគ្រួស ឃុំខ្នា ស្រុកបាកាន ខេត្តពោធិសាត់ ដោយ
ជនរងគ្រោះទាំងពីរនាក់ ជាជាងសំណង់ធ្វើវិហារ នៅទីតាំងកើតហេតុខាងលើ។
ក្នុងសកម្មភាពនោះ ជនសង្ស័យបានប្រើឧបករណ៍បំពង់ហ្គាស់ និងក្បាលបាញ់បំបែកគ្រាប់សោរ បំណងចង់លួចលុយសង្សំទុកប្រើប្រាស់ក្នុងវិហារដាក់ក្នុងធុងដែកពណ៌ខៀវអស់ប្រាក់ប្រហែល៣០ទៅ៤០ម៉ឺនរៀល និងបន្តផ្លុំបំបែកសោរទុកដាក់សំភារ:មួយកន្លែងទៀត ប៉ុន្តែពុំបានយកសំភារ:ទេ ដោយសារជាងសំណង់ធ្វើវិហារឃើញទាន់ ក៏នាំគ្នារត់ដេញចាប់ជនសង្ស័យបានតែម្តង និងរាយការណ៍ជូនសមត្ថកិច្ច។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យខាងលើធ្លាប់ជាប់គុកនៅពន្ធនាគារខេត្តកំពង់ឆ្នាំងចំនួន២ទៅ៦ឆ្នាំពីបទជួញដូរថ្នាំញៀន។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិល័យខេត្តដើម្បីចំណាត់ការបន្តតាមនិតិវិធី៕