អន្តរជាតិ ៖ វេទិកា TripAdvisor’s Travelers Choice Awards បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញទេសចរណ៍ល្អបំផុតទី១២ក្នុងពិភពលោក។ ប្រាសាទបុរាណរបស់ប្រទេសកម្ពុជានេះបានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកភ្ញាក់ផ្អើលជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។ នេះបើយោងតាមក្រសួងទេសចរណ៍។
ស្ថាប័ន TripAdvisor ដដែលនេះក៏ធ្លាប់បបានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្តជាតំបន់ទេសចរណ៍ទាំង១០ លើពិភពលោកដែលទេសចរត្រូវតែមកទស្សនាថ្ងៃរះដ៏ល្អបំផុតផងដែរ។ ការវាយតម្លៃដោយក្រុមហ៊ុន TripAdvisor ម្ដងហើយម្ដងទៀតនេះ កំពុងឆ្លុះបញ្ចាំងពីការពិតថាប្រាសាទអង្គរវត្តមានភាពទាក់ទាញ។ ប្រាសាទនៅខេត្តសៀមរាបរបស់កម្ពុជានៅតែជាកន្លែងដ៏ទាក់ទាញនៅក្នុងតំបន់ និងពិភពលោក ដោយសារគោលដៅទេសចរណ៍វប្បធម៌នេះបានលាក់ទុកប្រវត្តិសាស្ត្រជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងការស្វែងយល់អំពីអរិយធម៌ និងវប្បធម៌របស់កម្ពុជា។
សូមជម្រាបថា ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៧៥៣៤ នាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ៤៧% ពី ២៣៦៣៤១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ។ ប្រាសាទអង្គរវត្តរកចំណូលបាន ១៦,៥ លានដុល្លារពីការលក់សំបុត្រនៅចន្លោះខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ៤៧ ភាគរយពី១១,១លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕