អន្តរជាតិ ៖ ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ លោក Pir Hossein Kolivand បានប្រកាសថា អ្នកដំណើរទាំងអស់ និងនាវិកនៃឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។
លោកបាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ IRIB ថា “គ្មានសញ្ញានៃអ្នកដំណើរដែលនៅរស់ត្រូវបានរកឃើញទេ បន្ទាប់ពីការរកឃើញទីតាំងឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះ។
តាមមន្ត្រីអ៉ីរ៉ង់ម្នាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisiនិងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។
លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់៕