រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃព្រោះតែរឿងស៊ីប្លេរថយន្ត។
លោក បែល វ៉ាន់ដែត ដែលគេស្គាល់ថា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានសម្តេចតេជោហ៊ុន សែន សម្រេចបញ្ចប់មុខតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវនាំឲ្យមានការរិះគន់ពេញបណ្តាញហ្វេសប៊ុក ដោយសារតែលោកដកកាំភ្លើងភ្ជង់អ្នកដ៏ទៃព្រោះតែរឿងស៊ីប្លេរថយន្ត។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបង្ហោះអនុក្រឹត្យបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ជាមួយការបញ្ជាក់ថា «បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ»។
សម្តេចបន្តថា «នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់»។
ទន្ទឹមនោះសម្តេច ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ កុំឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំ មុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត៕